(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះថា បច្ចុប្បន្នពលករកម្ពុជា ដែលកំពុងធ្វើការនៅក្រៅប្រទេសមានប្រមាណ ១.៣លាននាក់ ខណៈអត្រាមានការងារក្នុងប្រទេសរក្សាបាន ៩៩.៣%។

សម្ដេចតេជោបានឱ្យដឹងថា រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដែលមានប្រាក់ចំណូលខ្ពស់។ បន្តពង្រឹងប្រសិទ្ធភាពនៃយន្តការ សម្របសម្រួលទីផ្សារការងារ តាមរយៈការពង្រីកវិសាលភាពនៃការផ្តល់សេវាការងារនិងព័ត៌មានទីផ្សារការងារ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយបានបង្កើនមជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌលការងារចល័ត បានដាក់ឱ្យអនុវត្តថ្នាល់ឌីជីថលសេវាការងារ ព្រមទាំងរៀបចំវេទិកាការងារថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន ដោយបានផ្ដល់សេវាជួយស្វែងរកការងារ និងប្រឹក្សាការងារ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃបានបញ្ជាក់ថា «អត្រាមានការងារធ្វើនៅកម្ពុជាបច្ចុប្បន្នមានចំនួន ៩៩.៣%»

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា ទន្ទឹមនឹងឱកាសការងារក្នុងស្រុក រាជរដ្ឋាភិបាលខិតខំផ្ដល់ជម្រើស ជូនប្រជាពលរដ្ឋដែលមានបំណងចង់ធ្វើការងារ នៅក្រៅប្រទេស ដោយបានខិតខំពង្រឹងកិច្ចសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីទទួលបានឱកាសការងារ នៅក្រៅប្រទេស ជូនពលករសរុបចំនួនប្រមាណ១.៣លាននាក់ ដែលមិនត្រឹមតែអាចបានប្រាក់ចំណូល បានចំណេះជំនាញប៉ុណ្ណោះទេ ថែមទាំងអាចផ្ញើប្រាក់បញ្ញើមកក្នុងប្រទេសជូនគ្រួសារ និងចូលរួមការអភិវឌ្ឍប្រទេសជាតិ។

គួរជម្រាបថា ពលករកម្ពុជាដែលកំពុងស្នាក់នៅនិងបម្រើការនៅក្រៅប្រទេសនោះ រួមមាននៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី សិង្ហបុរីជាដើម៕