(ភ្នំពេញ)៖ លោក ហ៊ុន កុសល អតីតសកម្មជនរបស់អតីតគណបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់ លោក កឹម សុខា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសសព្វថ្ងៃ គឺជាគណបក្សដែលមានមូលដ្ឋានគ្រឹះរឹងមាំ មានសម្បូរទៅដោយធនធាន ខណៈដែលធនធានមនុស្សរបស់អតីតបក្សប្រឆាំងនៅមានកម្រិត ហើយតែងតែមានទំនាស់ផ្ទៃក្នុងបន្តបន្ទាប់។
លោក ហ៊ុន កុសល បានបញ្ជាក់បែបនេះ នៅក្នុងកម្មវិធី Fresh Talk នៅចុងសប្តាហ៍មុន បន្ទាប់ពីលោក បានចូលរួមជីវភាពនយោបាយ ជាមួួយគណបក្សកាន់អំណាច ហើយត្រូវបានរាជរដ្ឋាភិបាល ផ្តល់តួនាទីជា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ហ៊ុន កុសល បានបង្ហាញអំពីមោទនភាព ដែលបានចូលរួមជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា និងបានយកឱកាសនេះ ថ្លែងអំណរគុណជាថ្មី ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ឱកាសសម្រាប់រូបលោក។
លោកបានលើកឡើងថា គណបក្សប្រឆាំង ជាពិសេសអតីតគណបក្សសង្គ្រោះជាតិ ជាស្ពានដែលគ្មានគ្រឹះ ដោយឡែកគណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានគ្រឹះរឹងមាំ ដូច្នេះមិនអាចប្រគល់ប្រទេសជាតិ ឱ្យទៅគណបក្សដែលគ្មានគ្រឹះនោះទេ ធនធានរបស់អតីតគណបក្សប្រឆាំងមានកម្រិត បើប្រៀបធៀបជាមួយគណបក្សកាន់អំណាច គឺខុសគ្នាដូចមេឃ និងដី។
លោកបានលើកឡើងថា គណបក្សប្រឆាំងតែមានទំនាស់ផ្ទៃក្នុងជាមួយគ្នា ចំណែកគណបក្សប្រជាជនកម្ពុជា មានការអោបក្រសោបគ្នា សាមគ្គីគ្នា ដែលនេះជាចំណុចដ៏ខ្លាំងរបស់ គណបក្សប្រជាជនកម្ពុជា ដែលគ្មានបក្សណាមួយមកប្រជែងបានឡើយ៕
សូមស្តាប់ និងទស្សនា ការលើកឡើងរបស់ លោក ហ៊ុន កុសល ដូចតទៅ៖