(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានអះអាងថា ខ្លួនចាប់បានជនស៊ើបការសម្ងាត់ដែលជាបណ្តាញមកពីប្រទេស កូរ៉េខាងត្បូងបន្ថែមទៀតហើយ ដែលសរុបមកដល់ពេលនេះមានជាង ៣០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានកូរ៉េខាងត្បូង UPI នៅមុននេះបន្តនាព្រឹកថ្ងៃសុក្រ ទី១៥ ខែកក្កដា ឆ្នាំ២០១៦។
ប្រភពមួយពីកូរ៉េខាងជើងបានប្រាប់វិទ្យុ RFA ថាអាជ្ញាធរកូរ៉េខាងជើងបានចាប់ ប្រជាជនប្រមាណជាង ៣០០នាក់ ដែលគេអះអាងថា បានធ្វើជាអ្នកស៊ើបការសម្ងាត់នៅកូរ៉េខាងជើង រួចបញ្ជូនព័ត៌មានទៅឲ្យបណ្តាញនៅកូរ៉េខាងត្បូង ជាថ្នូរមកវិញនូវលុយមួយចំនួន។
អាជ្ញាធរកូរ៉េខាងជើងបានប្រកាសជាសាធារណៈថា «ក្រសួងសន្តិសុខជាតិ បានធ្វើការព្រមានទៅសមាជិកក្រុម គ្រួសារកូរ៉េខាងជើងណាក៏ដោយ ដែលបានលក់ព័ត៌មានសម្ងាត់របស់រដ្ឋទៅឲ្យប្រទេសកូរ៉េខាងត្បូង ដើម្បីលុយ ពួកគេមានពេលកំណត់ ដែលត្រូវប្រគល់ខ្លួនឲ្យសមត្ថកិច្ច ដើម្បីទទួលទោសដោយខ្លួនឯង»។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងបានចាប់ផ្តើមចេញយុទ្ធនាការក្តៅ ចាប់ខ្លួនជនជាតិរបស់ខ្លួន ដែលលួចលក់រឿងសម្ងាត់ រួចបញ្ជូនទៅឲ្យអ្នកទិញទឹកចិត្តរបស់ពួកគេដែលមានមូលដ្ឋាន នៅប្រទេសកូរ៉េខាងត្បូង។ គ្រាន់តែយុទ្ធការចាប់ផ្តើមថ្ងៃដំបូងនាដើមខែកក្កដានេះ មនុស្ស៣០នាក់ទៅហើយត្រូវបានចាប់ខ្លួន នឹងត្រៀមទទួលទោសតាមច្បាប់ដ៏តឹងរ៉ឹងបំផុតរបស់រដ្ឋកុម្មុយនិស្តព្យុងយ៉ាង៕