(ភ្នំពេញ)៖ លោក គៀន ពន្លក អតីតអ្នកដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាល រស់នៅខេត្តតាកែវ បានផ្ញើសារជាវីដេអូថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានបេះដូងទូលាយ និងផ្ដល់ក្ដីអនុគ្រោះដល់រូបខ្លួនដែលជាអ្នកធ្លាប់តែរិះគន់រាជរដ្ឋាភិបាលស្របច្បាប់ ដោយមិនបានគិតគ្រប់ជ្រុងជ្រោយ។
តាមរយៈវីដេអូនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣នេះ លោក គៀន ពន្លក ក្រៅពីថ្លែងអំណរគុណហើយនោះ ក៏បានបង្ហាញនូវក្ដីសប្បាយរីករាយ និងសង្ឃឹមយ៉ាងមុតមាំថា សម្ដេចតេជោ ហ៊ុន សែន នឹងយល់ព្រមឲ្យខ្លួនចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីទទួលបានវីដេអូនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើការឆ្លើយតបភ្លាមៗវិញផងដែរ តាមរយៈការអរគុណ និងជូនពរ លោក គៀន ពន្លក និងក្រុមគ្រួសារត្រឡប់ទៅវិញ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សារទី២របស់លោក គៀន ពន្លក ដែលខ្ញុំសូមថ្លែងអំណរគុណ។ ជូនពរលោក គៀន ពន្លក និងគ្រួសារជួបតែសេចក្តីសុខសេចក្តីចម្រើន»។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញក៏បានប្រកាសស្វាគមន៍ លោកគៀន ពន្លក ដែលបានចេញវីដេអូ និងលិខិតសុំទោស និងសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមបណ្តាញសង្គម សម្តេចតេជោ បានលើកឡើងថា៖ «ក្នុងនាមគណបក្សប្រជាជនកម្ពុជាខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក គៀន ពន្លក។ ដោយសារលោកគៀន ពន្លកកំពុងរស់នៅនិងធ្វើការនៅខេត្តតាកែវ ខ្ញុំសូមប្រគល់ជូនគណៈកម្មាធិការបក្សខេត្តតាកែវរៀបចំបែបបទបញ្ចូលបក្សជូន លោក គៀន ពន្លក ស្របតាមនីតិវិធីរបស់គណបក្សប្រជាជនកម្ពុជា»៕