(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) បានចំណាយថវិកាប្រហែល៥០ម៉ឺនដុល្លារ ដើម្បីបំពាក់ WiFi សាធារណៈដោយឥតគិតថ្លៃ (Public WiFi) នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានជាតិអូឡាំពិក នៃព្រឹត្តិការណ៍ស៊ីហ្គេម។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់លោក ជា វ៉ាន់ដេត ធ្វើឡើងក្នុងពីធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ សម្រាប់កិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារ verfy.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណេត រវាងក្រសួងប្រៃសណីយ៍ និងក្រសួងកសិកម្ម នៅរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ។

លោក ជា វ៉ាន់ដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍ស៊ីហ្គេមនេះ យើងមាន២កន្លែងធំៗ សំខាន់ៗ ទី១៖ ពហុកីឡដ្ឋានជាតិមរតកតេជោ និងទី២៖ ពហុកីឡដ្ឋានជាតិអូឡាំពិក, ក្រសួងបានបំពាក់ Public WiFi ដែលប្រើប្រាស់ថវិកា ប្រហែល៥០ម៉ឺនដុល្លារ សម្រាប់អ្នកប្រើប្រាស់»។

លោក ជា វ៉ាន់ដេត បានឲ្យដឹងថា ដើម្បីប្រើ Public WiFi នេះ អ្នកចូលរួមគ្រាន់តែស្កេន QR Code នៅតាមទីតាំងជាក់ស្តែង ដែលបានកំណត់ ដើម្បីភ្ជាប់ WiFi នោះនឹងអាចប្រើប្រាស់ WiFi បានភ្លាមៗ។

បន្ថែមពីនោះទៀត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ថា Public WiFi នៅពហុកីឡដ្ឋានជាតិទាំង២នេះ គឺអត់មានបញ្ហាអ្វីនោះទេ ក្នុងរយៈពេលព្រឹត្ដិការណ៍ស៊ីហ្គេម។

លោក ជា វ៉ាន់ដេត បានបន្ថែមទៀតថា ចំណែកឯការប្រើប្រាស់ សម្រាប់ការផ្សាយចេញក្រៅប្រទេស គឺក្រសួងប្រៃសណីយ៍ បានចរន្ដក្រុមហ៊ុនខ្សែកាបមួយចំនួន និងក្រុមហ៊ុនរដ្ឋ ចូលតទៅពហុកីឡដ្ឋានជាតិទាំង២នេះ ដោយអត់មានបញ្ហានោះទេ នូវសមត្ថភាពបញ្ចូលខ្សែអ៊ីនធើណែន និងបង្គោលអង់តែន នៅទីនោះ។

សូមបញ្ជាក់ថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ បានសហការជាមួយគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ផ្តល់ជូនការប្រើប្រាស់សេវាអ៊ីនធឺណិតល្បឿនលឿន ដោយឥតគិតថ្លៃ នៅក្នុង៖

១៖ ពហុកីឡដ្ឋានជាតិអូឡាំពិក
២៖ ពហុកីឡដ្ឋានជាតិមរតកតេជោ។

គិតត្រឹមថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៤ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។

ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។

SEA Games: ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ASEAN Para Games: ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕