(ភ្នំពេញ)៖ លោក អៀង ចាន់ណា អតីតតំណាងយុវជន​នៃអតីតគណបក្ស​សង្គ្រោះ​ជាតិ​ប្រទេសន័រវេ (Norway) បានសម្តែងក្តីរីករាយ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ទទួលឱ្យចូលរួមរស់ជាមួយបក្សប្រជាជនកម្ពុជា។

អតីតសមាជិកដ៏សកម្មមួយរូបរបស់អតីតបក្សសង្គ្រោះជាតិរូបនេះ បានសន្យាថា រូបគេនឹងប្រឹងប្រែងបម្រើការងារជូនជាតិ និងប្រជាជនកម្ពុជា តាមរយៈគោល​នយោ​បាយ​ឈ្នះ-ឈ្នះ នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក អៀ ចាន់ណា បានស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមជីវភាពនយោបាយជាមួយបក្សដឹកនាំរាជរដ្ឋាភិបាល ដ៏មានប្រជាប្រិយភាពមួយនេះ។

លោក អៀ ចាន់ណា បានគូសរំលេចថា មូលហេតុដែលនាំឱ្យរូបលោកសូមចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដោយសារលោកបានមើលឃើញពីភាពជោគជ័យនៃការដឹកនាំប្រទេស​របស់​សម្តេច​តេជោ។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍លោក អៀ ចាន់ណា ដោយមិនប្រកាន់​ចំពោះអតីតភាពនយោបាយរបស់លោកជាមួយបក្សប្រឆាំងនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជា តែងតែ​បើក​ចិត្តទូលាយទទួលយកមនុស្សពីគ្រប់ទិសទី ដោយមិនប្រកាន់និន្នា​ការនយោ​បាយ ពីអតីតកាលក្នុងគោលបំណងប្រមូលផ្តុំធនធានមនុស្ស ធនធានប្រាជ្ញា និងទ្រព្យ​សម្បត្តិ ដើម្បីការពារសន្តិភាព និងបន្តការកសាងប្រទេសក្រោមម្លប់សន្តិភាពតទៅទៀត»៕