(ភ្នំពេញ)៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីណែនាំ អត្ថបទវីដេអូអប់រំ ខ្លឹមសារស្ប៉តវីដេអូផ្សព្វផ្សាយ និងការចុះបញ្ជីគណបក្សនយោបាយក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានសម្រេចកែសម្រួលខ្លឹមសារមួយចំនួន និងបានឯកភាពជាគោលការណ៍លើឯកសារទាំងនោះរួមមាន៖
ទី១៖ សេចក្តីណែនាំស្តីពី កិច្ចសហការការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ទី២៖ ខ្លឹមសារអត្ថបទវីដេអូអប់រំស្តីពី នីតិវិធីនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
៣៖ ខ្លឹមសារស្ប៉តវីដេអូអប់រំដែលបានថតរួច សម្រាប់ធ្វើការផ្សព្វផ្សាយតាមស្ថានីយទូរទស្សន៍ និងស្ថានីយវិទ្យុតាមរាជធានី ខេត្ត រួមមាន៖
*ស្ប៉តវីដេអូអប់រំ ចំនួន ៣រឿង
*វីដេអូចម្រៀងកាយវិការ ចំនួន ៣បទ និង
*ស្ប៉តវីដេអូបែបជីវចល ចំនួន ៣រឿង។
ទី៤៖ សម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់ គណបក្សខ្មែរអភិរក្ស ដែលមាន៧ មណ្ឌលរាជធានី-ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
និងទី៥៖ ឯកភាពជាគោលការណ៍លើគម្រោងកិច្ចសហប្រតិបត្តិការបចេ្ចកទេស ដែលត្រូវស្នើជំនួយបរទេសសម្រាប់ឆ្នាំ២០២៤។
សរុបមកគិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចំនួន៨ គណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល១៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣៕