(ភ្នំពេញ)៖ សកម្មជនក្រុមប្រឆាំងចំនួន១០នាក់ ដែលកំពុងជាប់នៅក្នុងពន្ធនាគារ បានចេញមកសារភាពកំហុស ភ្ញាក់រលឹក ហើយបានចេញវិដេអូ និងធ្វើលិខិតសុំទោស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសំណូមពរឱ្យពួកគេបាននៅក្រៅឃុំជាបណ្តោះអាសន្ន។
សកម្មជនក្រុមប្រឆាំងទាំង១០នាក់នោះ រួមមានដូចជា៖ លោក គង់ ម៉ាស់, លោក វ៉ន សាវណ្ណ, លោក ធុយ វី, លោក ឆុន ប៊ុនឆាត, លោក ឧ រឹម, លោក ចាន់ សារ៉ាត់, លោក ណុប វ៉ុន, លោក ប៉េង សុខា, លោក វ៉ន ឡេង និងលោក សាន សៅរី ជាដើម។
សកម្មជនក្រុមប្រឆាំងទាំង១០នាក់ទាំងនេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់, ញុះញង់បង្កអសន្តិសុខសង្គម រួមទាំងបទល្មើសមួយចំនួនទៀត ជុំវិញផែនការប្រកាសវិលត្រឡប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលរបស់ លោក សម រង្ស៉ី និងបក្ខពួក។
បើតាមលិខិតសុំទោសរបស់ លោក គង់ ម៉ាស់ បានឱ្យដឹងថា ក្រោយពីអនុវត្តទោសក្នុងពន្ធនាគារ ដែលតុលាការបានផ្តន្ទាទោសដល់រូបលោករយៈពេល៥ឆ្នាំ គឺលោកមានការភ្ញាក់រលឹក ដឹងខ្លួនថា ចាញ់បោកការឃោសនាបោកបញ្ឆោទរបស់មេដឹកនាំគណបក្សប្រឆាំង ដែលពេលនេះមិនមាននរណាមានវត្តមាន នៅកម្ពុជាដូចការសន្យានោះឡើយ។ លោក គង់ ម៉ាស់ សម្តែងការសោកស្តាយចំពោះទង្វើដែលខ្លួនប្រព្រឹត្តតាមមនោគមន៍វិជ្ជារបស់មេដឹកនាំក្រុមប្រឆាំង និងបានស្នើសុំការសណ្តោសប្រណីពី សម្តេចតេជោ ហ៊ុន សែន ដើម្បីរូបគេបាននៅក្រៅឃុំ។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ មានសកម្មជនក្រុមប្រឆាំងជាច្រើន បានសម្រេចចិត្តចាកចេញ ហើយមកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពាក់ព័ន្ធនឹងករណីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសទទួលស្វាគមន៍ពួកគេជាបន្តបន្ទាប់ផងដែរ៕