(ភ្នំពេញ)៖ លោក គៀន ពន្លក អតីតប្រធានការិយាល័យបណ្តុះបណ្តាលរបស់អតីតគណបក្សសង្គ្រោះជាតិ បានមើលឃើញថា ជីវិតនយោបាយរបស់ជនក្បត់ជាតិតជំនាន់ សម រង្ស៉ី កំពុងតែឯកោខ្លាំងប្រៀបដូចជាចង្កៀងអស់ប្រេង ឬទានបម្រុងនឹងរលត់។ ភាពឯកោរបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏ដោយសារតែនយោបាយខ្វះការទទួលខុសត្រូវចំពោះអ្នកគាំទ្រខ្លួន។ ចេះតែរុញអ្នកគាំទ្រឱ្យមានបញ្ហា តែមិនដែលមានដំណោះស្រាយជូនពួកគេ។
គ្រូបង្រៀនផ្នែកប្រវត្តិវិទ្យានៅខេត្តតាកែវ លោក គៀន ពន្លក បានចូលរួមសកម្មភាពនយោបាយជាមួយគណបក្សសង្គ្រោះជាតិនៅឆ្នាំ២០១២។ លោកត្រូវបានអតីតបក្សសង្គ្រោះចាត់តាំងឱ្យធ្វើជាប្រធានការិយាល័យបណ្តុះបណ្តាលរបស់ក្ស។ នៅក្រោយពេលបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយនៅឆ្នាំ២០១៧ លោក គៀន ពន្លក តាមរយៈតួនាទីក្នុងអង្គការសង្គមស៊ីវិល ក៏នៅតែបន្តជួយបក្សប្រឆាំងដោយប្រយោលថែមទៀត។
នៅពេលនេះ លោក គៀន ពន្លក បានសម្រេចចិត្តដើរចេញពីក្រុមបក្សប្រឆាំងដែលដឹកនាំដោយលោក សម រង្ស៉ី ហើយ។ ហេតុផលរបស់លោក ពន្លក ក៏មិនខុសពីសមាជិក ឬសកម្មជនរបស់បក្សប្រឆាំងដទៃទៀតនោះដែរ។ ការដើរចេញរបស់លោក គឺការបាត់បង់ជំនឿចំពោះការដឹកនាំរបស់លោក សម រង្ស៉ី ជាពិសេសនយោ បាយខ្វះការទទួលខុសត្រូវចំពោះជោគវាសនាជាតិ ក៏ដូចជាការខ្វះការទទួលខុសត្រូវលើសុខទុក្ខរបស់អ្នកគាំទ្រ ក៏ដូចជាសកម្មជន។
លោក ពន្លក បានលើកឡើងថា «មែនទែនទៅនយោបាយរបស់គាត់នាពេលកន្លងមក មិនបានប្រយោជន៍អ្វីសម្រាប់ប្រទេសជាតិនោះទេ។ ផ្ទុយទៅវិញ គឺបន្ទុចបង្អាក់ដល់ការអភិវឌ្ឍនៅកម្ពុជាទៅវិញទេ ដោយសារគាត់ [សម រង្ស៉ី] នៅលើឆាកអន្តរជាតិ មិនដែលនិយាយអ្វីល្អពីកម្ពុជានោះទេ។ ក្នុងនោះសូម្បីពលរដ្ឋខ្មែរ ក៏មិនហ៊ានមកលេងកម្ពុជា ព្រោះតែជឿសម្តីញុះញង់របស់ សម រង្ស៉ី»។
មកដល់ពេលនេះមានអ្នកគាំទ្រ សកម្មជន ដែលធ្លាប់តែគាំទ្រជនក្បត់ជាតិកាន់តែច្រើនហើយ បានសម្រេចចិត្តដើរចេញពីទណ្ឌិត សម រង្ស៉ី និងបក្ខពួក។ មិនត្រឹមតែអ្នកក្នុងស្រុកនោះទេ សូម្បីតែអ្នកគាំទ្រនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានដើរចេញ ពីទណ្ឌិត សម រង្ស៉ី និងបក្ខពួកកាន់តែច្រើនផងដែរ។
សម្រាប់លោក ពន្លក បានមើលឃើញថា ចរន្តនេះ កំពុងតែធ្វើឱ្យត្រកូលក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កាន់តែឯកោប្រៀបដូចជាចង្កៀងជិតអស់ប្រេង ឬភ្លើងទៀនជិតរលត់។
«ជីវិតនយោបាយរបស់គាត់នៅពេលនេះ ប្រៀបដូចជាភ្លើងទៀនជិតរលត់ហើយ ឬរលត់តែម្តង។ សកម្មជនមួយចំនួនធំអស់ជំនឿទៅលើគាត់ហើយ ហើយបានដើរចេញ និងទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញការអភិវឌ្ឍជាតិ និងសន្តិភាព»។ នេះជាការបញ្ជាក់របស់លោក ពន្លក។
ជាការកត់សម្គាល់នៅក្នុងមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា អតីតសមាជិក សកម្មជន និងជាអ្នកគាំទ្រទណ្ឌិត សម រង្ស៉ី និងបក្ខពួកកាន់តែច្រើន បានសម្រេចចិត្តចូលរួមសកម្មភាពជាមួយរាជរដ្ឋាភិបាលកើតចេញពីគណបក្សប្រជាជនកម្ពុជា និងចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា។ ចរន្តនៃការចុះចូលនេះ ដោយសារសមាជិក សកម្មជន និងអ្នកគាំទ្រទាំងនោះ បានអស់ជំនឿជាមួយនយោបាយរបស់ទណ្ឌិត សម រង្ស៉ី ហើយគេមិនមានសង្ឃឹមថា សម រង្ស៉ី និងបក្ខពួក មានឱកាសវិលត្រឡប់មកសង្វៀននយោបាយនៅកម្ពុជាទៀតនោះឡើយ។
ចរន្តនេះ ក៏ធ្វើឱ្យគេនឹកឃើញដល់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនយោយ «IF» ដើម្បីបញ្ចប់ជីវិតនយោបាយរបស់ជនក្បត់ជាតិ សម រង្ស៉ី ដែលសម្តេចចាត់ទុកជាបុគ្គលនយោបាយជ្រុលនិយម។ បើតាមចរន្តដែលគេបានឃើញនេះ គឺបានស្តែងថាសេណារីយូបញ្ចប់ជីវិតនយោបាយ សម រង្ស៉ី គឺកំពុងតែហុចផលហើយ៕