(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ បានជំរុញឱ្យមន្ត្រីបក្សប្រជាជនទាំងអស់ យកចិត្តទុកដាក់មើលជីវភាពរស់នៅប្រចាំថ្ងៃរបស់សមាជិកបក្ស និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានន័យថា ពេលពួកគាត់ជួបបញ្ហាខ្វះខាត យើងត្រូវជួយពួកគាត់ភ្លាមៗ។
ការជំរុញបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី០៧ ឧសភា ឆ្នាំ២០២៣នេះ កិច្ចប្រជុំជីវភាពគណបក្សខណ្ឌ និងក្រុមការងារ ចុះជួយខណ្ឌព្រែកព្នៅ ប្រចាំខែឧសភា និងទិសដៅខែមិថុនាឆ្នាំ២០២៣ នៅទីស្នាក់ការមន្ទីរគណបក្សខណ្ឌព្រែកព្នៅ ដោយមានការចូលរួមពី មន្ត្រីនិងសមាជិកបក្សជាង២០០នាក់។
លោក ឃួង ស្រេង បានលើឡើងថា៖ «គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅរបស់យើងមានស្បៀងអាហារគ្រប់គ្រាន់។ ដូច្នេះមន្ត្រីបក្សរបស់យើងទាំងអស់ត្រូវយកចិត្តទុកដាក់មើលសមាជិកបក្សរបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ មានន័យថា នៅពេលពួកគាត់មានបញ្ហាខ្វះខាតត្រូវផ្តល់ជូនពួកគាត់ភ្លាម ពិសេសមើលមន្ត្រីដែលនៅគៀកកិតជាមួយយើងនេះតែម្តង ដូចជាមន្ត្រីបក្សខណ្ឌ មន្ត្រីបក្សសង្កាត់ ភូមិជាដើម កុំឱ្យពួកគាត់ លីតែអង្កឱ្យគេ តែខ្លួនឯងខ្វះខាត គេមើលមិនឃើញសោះនោះ ។យើងមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់ស្បៀងអាហារឡើយ»។
ឆ្លៀតក្នុងឱកាសនោះ លោក ឃួង ស្រេង ក៏បានលើកឡើងជុំវិញព្រឹត្តិការណ៍កីឡា ស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះផងដែរ ដោយលោកបញ្ជាក់ថា៖ ព្រឹត្តិការណ៍ដ៏ធំសម្បើមមួយនេះ យើងបានទទួលការកោតសរសើរយ៉ាងខ្លាំងពីឆាកអន្តរជាតិ ហើយក៏បានទាក់ទាញភ្លៀវទេសចរឱ្យមកលេងនៅកម្ពុជាកាន់តែច្រើនផងដែរ។ ព្រឹត្តិការណ៍នេះ ក្រៅពីមិនយកលុយថ្លៃលក់សំបុត្រចូលទស្សនាហើយ រដ្ឋបាលរាជធានីភ្នំពេញនូវបានរៀបចំទីតាំង ផ្ញើយានយន្តមួយចំនួន មិនយកប្រាក់ថែមទៀត។ ជាមួយគ្នានេះយើងបានរឹតបន្តឹង ការប្រមូល ដឹកជញ្ជូនសំរាម រៀបចំអនាម័យបរិស្ថានបានល្អថែមទៀត។
លោកបាបញ្ជាក់ថា កម្ពុជាមានអនាម័យបរិស្ថានល្អ នោះសុខភាពប្រជាពលរដ្ឋក៏បានល្អរឹងមាំ មានកម្លាំងកំហែងខ្លាំក្លា ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿង។
លោក ឃួង ស្រេង សូមឱ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកនៅថ្ងៃបោះឆ្នោត និងចលនានៅក្នុងមូលដ្ឋាន បើគណបក្សផ្សេង សូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនយើង យើងទទួលយកភ្លាម ដើម្បីឱ្យគណបក្ស ប្រជាជនកម្ពុជាបានជ័យជំនៈក្នុងការបោះឆ្នោតខាងមុខនេះ។ គណបក្សប្រជាជនកម្ពុជាបានជ័យជំនះ នោះកម្ពុជានឹងរក្សាបាននូវសន្តិភាពលើផ្ទៃប្រទេសរហូត ដែលជាឱកាសយ៉ាងល្អ ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចំរើនថែមទៀត ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ ២០៥០ខាងមុខ។
លោក ធឹម សំអាន សមាជិកគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការគណបក្សខណ្ឌព្រែកព្នៅ ក្នុងឱកាសនោះ ក៏បានរាយការណ៍ពីរចនាសម្ព័ន្ធ គណបក្សខណ្ឌ ដែលមានសាខាបក្សសង្កាត់ចំនួន៥ និងសាខាភូមិចំនួន៦៩ មានគ្រួសារបក្ស ចំនួន ៩៥៦៨គ្រួសារ និងបានបញ្ចូលសមាជិកថ្មីបានចំនួន៣៣៧៨នាក់។ ខណ្ឌព្រែកព្នៅមាន២៨មណ្ឌលបោះឆ្នោត និង៨៩ការិយាល័យបោះឆ្នោត៕