(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការស្វាគមន៍ចំពោះលោកស្រី ហ៉ីង សុខា អតីតប្រធានចលនាស្ត្រីខេត្តរតនគិរីរបស់បក្សប្រឆាំង ដែលបានស្នើសុំសម្តេចតេជោ ហ៊ុន សែន ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ បន្ទាប់ទទួលបាននូវវីដេអូស្នើសុំចូលរួមជីវភាពនយោបាយរបស់លោកស្រី ហ៉ីង សុខា បានបញ្ជាក់ត្រឡប់ទៅវិញយ៉ាងដូច្នេះថា «សូមស្វាគមន៍លោកស្រី ហុីង សុខា ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
សូមជម្រាបថា លោកស្រី ហ៉ីង សុខា អតីតប្រធានចលនាស្ត្រីខេត្តរតនគិរី នៃអតីតគណបក្សសង្គ្រោះជាតិ តាមរយៈវីដេអូនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣នេះ បានស្នើសុំ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកស្រី ហ៉ីង សុខា បានលើកឡើងថា មូលហេតុដែលឈប់គាំទ្រអតីតគណបក្សសង្គ្រោះជាតិ និងគណបក្សភ្លើងទៀន ដោយសារតែលោកស្រីចេញលុយខ្លួនឯង ពេលធ្វើសកម្មភាពគណបក្ស ហើយពេលលោកស្រីអស់លុយ គេទាត់លោកស្រីចោល។ លោកស្រីថា ពេលចូលគណបក្សនេះ លោកស្រីក៏មិនដែលមានសេចក្តីសុខជាមួយក្រុមគ្រួសារទេ ដោយប្រើតែលុយខ្លួនឯង មិនដែលប្រើលុយបក្ស៕