(ភ្នំពេញ)៖ លោក ធឿន ប៊ុនធន អនុប្រធានគណបក្សភ្លើងទៀនខេត្តរតនគិរី និងភរិយា មានតួនាទីជាប្រធានចលនាស្ត្រីគណបក្សភ្លើងទៀនខេត្តរតនគិរី បានប្រកាសចាកចេញពីបក្សនេះ ហើយស្នើសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន។
តាមរយៈវីដេអូ លោក ធឿន ប៊ុនធន និងភរិយា បានរៀបយ៉ាងដូច្នេះថា៖ «ខ្ញុំចង់សួរទៅទណ្ឌិត សម រង្ស៉ី បន្តិច ព្រោះកន្លងមក ខ្ញុំឡើងទៅជាមួយលោក រ៉ាន់ សារឿន គាត់ជាអតីតប្រធានគណបក្សសង្គ្រោះជាតិ គាត់ក៏បានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន អ៊ឹចឹងហើយខ្ញុំបាននាំគាត់ទៅជួប ឯកឧត្តម ទាវ វណ្ណុល ឱ្យខ្ញុំទៅជួបលោក លី សុធារ៉ាយុត្តិ បែរជាបុគ្គលនេះប្រាប់ថា ចាំខ្ញុំសួរទៅទណ្ឌិត សម រង្ស៉ី សិន ខ្ញុំអត់យល់ក្នុងនាមគាត់ជាថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ហេតុអីគាត់និយាយភាសាហ្នឹង ខ្ញុំអត់ពេញចិត្តលើការដឹកនាំរបស់គណបក្សភ្លើងទៀតតទៅទៀតទេ»។
អនុប្រធានគណបក្សភ្លើងទៀនខេត្តរតនគិរី បានគូសបញ្ជាក់ថា លោកសុំប្រកាសលាលែងពីគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះតទៅ អត់ គឺអស់ជំនឿលើគណបក្សនេះទៀតហើយ។
ប្រធានចលនាស្ត្រីគណបក្សភ្លើងទៀនខេត្តរតនគិរី បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។
«ចំពោះខ្ញុំបានអស់ជំនឿទៅលើទណ្ឌិត សម រង្ស៉ី និងបក្ខពួកគាត់ បានឆបោករហូតឱ្យប្តីខ្ញុំជាប់ពន្ធនាគារ ហើយមិនបានមកសួរសុខទុក្ខសោះនៅពេលដែលប្តីខ្ញុំចេញពីពន្ធនាគារ បន្ទាប់ពីមានការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នៅតែគ្មានមុខថ្នាក់ដឹកនាំគណបក្សភ្លើងទៀនមកទទួលចេញពីពន្ធនាគារ ដូចនេះខ្ឈឺចាប់ខ្លាំងណាស់ ខ្ញុំមិនអាចរួមរស់ជាមួយគណបក្សភ្លើងទៀនបានទៀតទេ»៕
ខាងក្រោមនេះជាវីដេអូទាំងស្រុងរបស់ ធឿន ប៊ុនធន និងភរិយា៖