(ភ្នំពេញ)៖ លោក Taur Matan Ruak នាយករដ្ឋមន្រ្តីទីម័រខាងកើត បានលើកឡើងថា វត្តមានរបស់ទីម័រ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយជ្រោមជ្រែងតាំងពីដើមរហូតមករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះឡើយ។
លោក Taur Matan Ruak ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១០ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ជាគោលការណ៍ក្នុងនាមជាសមាជិកទី១១ របស់អាសា៊ន។ នៅមុនកិច្ចប្រជុំនេះ លោកមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន។
នៅក្នុងជំនួប លោកនាយករដ្ឋមន្រ្តីទីម័រខាងកើត ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ដែលបានជួយជ្រុំជ្រែងកិច្ចការងារយ៉ាងច្រើន ពីដើមរៀងមកដើម្បីឲ្យសមាគមអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកទី១១ ជាមួយគ្រួសារអាស៊ាន។
លោកនាយករដ្ឋមន្ត្រី នៃប្រទេសទីម័រខាងកើត ក៏បានជំរាបសម្តេចតេជោថា វត្តមានរបស់ទីម័រខាងកើតមកកាន់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺមិនអាចកាត់ផ្ដាច់បានពីការជួយជ្រោមជ្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នោះទេ ។
លោកនាយករដ្ឋមន្រ្តីទីម័រខាងកើត បានជំរាបសម្តេចថា ការអញ្ជើញរបស់ទីម័រឡេស្តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឯប្រទេសឥណ្ឌូនេស៊ី នាពេលនេះ គឺជាលើកទីមួយ នៃប្រវត្តិសាស្ត្រដែលសម្តេចតេជោ ហ៊ុន សែន បានជ្រោមជ្រែង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីបំណងរបស់សម្តេចចង់ឲ្យទីម័រខាងកើត ចូលជាសមាជិកពេញសិទ្ធិតែម្តងនៅអាស៊ាន។ អំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងទីម័រខាងកើត សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចចង់ឲ្យទីម័រមានសន្តិសុខស្បៀង។ សម្តេចបន្តថា សម្តេចមានបំណងចង់ឲ្យអ្នកវិនិយោគរបស់ទីម័រខាងកើត មកវិនិយោគនៅក្នុងប្រទេសកម្ពុជា បង្កើតរោងចក្រកិនស្រូវនាំអង្ករចេញទៅកាន់ទីម័រ ដោយឡែកកន្ទក់សម្រាប់ផលិតជាចំណីសត្វ។ សម្តេចបានបញ្ជាក់បន្ថែមថា ប្រសិនបើប្រទេសទីម័រឯកភាព កម្ពុជានឹងបញ្ជូនអ្នកជំនាញផ្នែកកសិកម្មទៅសិក្សាដីនៅឯប្រទេសទីម័រខាងកើត ថាតើស្ថានភាពដីនៅទីនោះអាចដាំដុះទៅលើដំណាំអ្វីបានផលច្រើន។
លោកនាយករដ្ឋមន្រ្តីទីម៉រខាងកើត បានទទួលយកនូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធទៅនឹងសន្តិសុខស្បៀងដើម្បីឲ្យមានការអភិវឌ្ឍវិស័យកសិកម្មដោយខ្លួនឯង និងមានសន្តិសុខស្បៀង៕