(ភ្នំពេញ)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងថា កំពង់ផែដឹកទំនិញ (កំពង់ផែសេះស) ដែលវិនិយោគដោយវិស័យឯកជននោះ រហូតមកដល់ពេលនេះ ការសាងសង់សម្រេចបានប្រមាណ៦០-៧០ភាគរយហើយ ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅពេលឆាប់ៗ ខាងមុខនេះ។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្តកែប» លោក សោម ពិសិដ្ឋ បានអះអាងថា ទន្ទឹងនឹងកំពង់ផែសេះស ដែលកំពុងដំណើរការសាងសង់នេះ ក៏មានកំពង់ផែថ្មីមួយទៀត ក៏កំពុងស្នើសុំធ្វើការវិនិយោគដោយវិស័យឯកជនផងដែរ។
អភិបាលខេត្តកែប បានថ្លែងយ៉ាងដូច្នេះថា «កំពង់ផែសេះស យើងបានសាងសង់ប្រមាណ៦០ ទៅ៧០ភាគរយហើយ នៅសល់បន្ដនឹងបញ្ចប់១០០ភាគរយ នៅពេលឆាប់ខាងមុខ។ ទន្ទឹមនឹងផែដែលកំពុងដំណើរការកសាង កំពង់ផែមួយទៀតកំពុងស្នើសុំវិនិយោគដីសាធារណៈរបស់រដ្ឋផងដែរ ក្នុងការកសាងកំពង់ផែដឹកទំនិញមួយទៀត»។
បើតាមលោក សោម ពិសិដ្ឋ ទំហំនៃការវិនិយោគកំពង់ផែថ្មីបន្ថែមមួយទៀតនេះ មានតម្លៃប្រហែលជាង១លានដុល្លារ។ ក្នុងនាមរដ្ឋបាលខេត្ដ លោកបានអះអាងថា នឹងខិតខំគៀរគរអ្នកវិនិយោគពិតប្រាកដ ដើម្បីឲ្យចរន្ដនៃការផ្លាស់ប្ដូរទំនិញផ្លូវទឹក ឲ្យបានល្អប្រសើរជាងមុន ជៀសវាងការប្រើប្រាស់ផ្លូវគោក ដែលអាចមានផលប៉ះពាល់ច្រើន។
គួរជម្រាបថា ទីតាំងសាងសង់កំពង់ផែសេះស ស្ថិតក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប នៅលើផ្ទៃដី៨ហិកតា។ គម្រោងនេះស្ថិតក្នុងគម្រោងសាងសង់ប្រតិបត្តិការ និងផ្ទេរ (BOT) រយៈពេល១៥ឆ្នាំ វិនិយោគដោយវិស័យឯកជន។ កំពង់ផែនេះនឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងកសិផលរវាងខេត្តកែប និងកំពត ពិសេសដឹកវត្ថុធាតុដើមបម្រើឲ្យរោងចក្រនានានៅក្នុងខេត្តកំពត។
បើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ គម្រោងនេះត្រូវចំណាយទុនវិនិយោគ ជិត២លានដុល្លារ ហើយអនុញ្ញាតឲ្យរំលស់ទុនមកវិញ តាមរយៈការធ្វើអាជីវកម្មភាស៊ីចំណតជលយាន (កំពង់ផែសេះស) ក្នុងរយៈពេល១៥ឆ្នាំចប់ នឹងបន្ត១៥ឆ្នាំទៀត គិតចាប់ពីចំណតជលយាន បានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅឆ្នាំ២០២៣។
ទាក់ទិនគម្រោងសាងសង់ជាក់ស្ដែង តំណាងលោក អ៉ឹង កូវហៃ ដែលជាម្ចាស់ក្រុមហ៊ុនវិនិយោគ បានប្រាប់បណ្ដាញព័ត៌មាន Fresh News បន្ថែមថា ជាការពិតគម្រោងសាងសង់កំពង់ផែសេះសនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣នេះ ប៉ុន្ដែគម្រោងទាំងមូលត្រូវបានពន្យាពេលដោយសារឧបសគ្គមួយចំនួន ដូចជា វិបត្តិជំងឺកូវីដ១៩, វិបត្តិសេដ្ឋកិច្ចសកល និងកត្តាធម្មជាតិ ដោយសារភ្លៀងធ្លាក់ប៉ះពាល់ដល់ដំណើរការសាងសង់។
តំណាងក្រុមហ៊ុនវិនិយោគកំពង់ផែសេះស បានបន្ដទៀតថា ដោយសារផលប៉ះពាល់មួយចំនួននោះ ការសាងសង់ដែលត្រូវបញ្ចប់ទាំងស្រុងនោះ នឹងត្រូវពន្យាពេលទៅដល់អំឡុងឆ្នាំ២០២៤ ខណៈបច្ចុប្បន្នសំណង់ភាគច្រើនត្រូវបានសាងសង់រួចរាល់។ សំណង់កំពង់ផែសេះស ដែលបានសាងសង់រួចនោះ រួមមាន៖ ការឈូសឆាយសម្អាតការដ្ឋាន, ចាក់បំពេញទីលានកំពង់ផែ, សាងសង់ផែបេតុង ជញ្ជាំងទប់ដី គ្រឹះ, ផ្លូវទឹក, អគារស្នាក់ការជាដើម។
យ៉ាងណាមិញ បើទោះបីជួបនូវផលប៉ះពាល់មួយចំនួនក្ដី តែតំណាងក្រុមហ៊ុនវិនិយោគកំពង់ផែសេះស នៅតែបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងបំពេញការងារដែលនៅសេសសល់ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន៕