(សៀមរាប)៖ ប្រាសាទនាគព័ន្ធ ជាគោលដៅទេសចរណ៍មួយដ៏មានភាពទាក់ទាញក្នុងចំណោមប្រាសាទបុរាណជាច្រើនដែលមានទិសដៅទស្សនាតាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពីខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ។

គួរជម្រាបថា ប្រាសាទនាគព័ន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជយវម៌្មទី៧ នាឆ្នាំ១១៩១ ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះត្រូវបានសាងសង់នៅលើកោះទំហំ៣៥០ម៉ែត្របួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ៤ ដោយរៀបចំឲ្យមានជាសញ្ញាលេខបូកជានិមិត្ដរូបនៃសញ្ញាមន្ទីពេទ្យ។

ក្រោយពេលអាជ្ញាធរជាតិអប្សរាបានសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់សម្រាប់ធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អ ជាពិសេសវង់ទស្សនានៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទនាគព័ន្ធ ធ្វើឱ្យប្រាសាទនាគព័ន្ធកាន់តែមានសម្រស់ស្រស់ស្អាតគ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចទស្សនា និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចីដ៏ស្រស់បំព្រងនៅលើស្ពានឆ្លងកាត់បារាយណ៍ខាងជើង ទស្សនាសត្វស្លាបទឹកជាច្រើនប្រភេទហោះហើរស្វែងរកចំណីគួរជាទីគយគន់។ ចំណែកនាបរិវេណផ្នែកខាងក្នុងនៃប្រាសាទ ក្រុមការងារប្រចាំការនៅទីនោះ តែងកាប់ឆ្ការព្រៃឬមែកឈើ ដែលដុះស៊ុបត្រុប ធ្វើឱ្យភ្ញៀវទេសចរអាចទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្សនាថ្មី។

លោក ង៉ោ ពេជ្រ មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មិនត្រឹមតែមានទេសភាពស្រស់ស្អាតនៃប្រាសាទនាគព័ន្ធប៉ុណ្ណោះទេ។ ថ្មីៗនេះក្រុមការងារបានរៀបចំឱ្យមានសួនស្មៅ ការបោសសម្អាតនាបរិវេណខាងក្រៅ និងខាងក្នុងបានស្អាតជាប្រចាំ។ ចំណតសម្រាប់ចតរថយន្ត និងម៉ូតូមានរបៀបរៀបរយ ធ្វើឱ្យភ្ញៀវទេសចរដែលចូលមកទស្សនាប្រាសាទនាគព័ន្ធតែងបង្ហាញស្នាមញញឹមមិនចេះដាច់។

លោកបន្តថា នៅប្រាសាទនាគព័ន្ធមានប្លង់សម្រាប់ផ្តិតយករូបភាពស្រស់ស្អាតជាច្រើនកន្លែង ដែលភ្ញៀវនិយមចូលមកថតរូបអនុស្សាវរីយ៍ មានដូចជានៅលើស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងផ្តិតយករូបភាពជាមួយប្រាសាទជាដើម៕