(កណ្តាល)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ឈួន ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៣,៣៣៣នាក់ នៅឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
លោក ឈួន ដារ៉ា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រើយស្លា បានលើកឡើងថា ការសម្រេចចិត្តរបស់ប្រជាពលរដ្ឋចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយបានមើលឃើញពីការយកចិត្តទុកដាក់ និងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។
«យើងដាច់ខាតត្រូវចូលរួមចំណែកការពារសន្តិភាពឲ្យបានគង់វង្ស ពីព្រោះមានសន្តិភាពទើបយើងមានឱកាសអភិវឌ្ឍន៍ប្រទេសឲ្យរីកចំរើនជឿនលឿន។ យើងអាចការពារសន្តិភាពបានមានតែការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ»។ នេះជាការគូសបញ្ជាក់របស់លោក ឈួន ដារ៉ា។
លោក ឈួន ដារ៉ា បន្ថែមថា សមាជិកបក្សថ្មីដែលប្រកាសបញ្ចូលនៅថ្ងៃនេះ នឹង ជួយផ្សព្វផ្យាយបន្តនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋបានជឿជាក់មកលើគណបក្សប្រជាជនបន្ថែមទៀត តាមរយៈការពន្យល់ប្រជាជននៅតាមភូមិក្នុងឃុំត្រើយស្លា ឱ្យយល់ពីតម្លៃនៃសុខសន្តិភាពនៅក្នុងប្រទេស ពីព្រោះបើមិនមានសន្តិភាពទេ គឺកម្ពុជាមិនមានអ្វីទាំងអស់ កុំថាឡើយការអភិវឌ្ឍ សូម្បីតែការជួបជុំគ្នាបែបនេះក៏មិនបានផង។ ដូច្នេះត្រូវរួមគ្នារក្សាសុខសន្តិភាពនេះឱ្យបានគង់វង្សជារៀងរហូត។
លោក ឈួន ដារ៉ា បានផ្តាំផ្ញើដល់សមាជិកគណបក្សប្រជាជនកម្ពុជា ដែលទើបចូលថ្មី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ស្មោះត្រង់ចំពោះគណបក្ស និងខិតខំប្រឹងប្រែងបម្រើគណបក្សដោយស្មោះអស់ពីដួងចិត្ត ជាពិសេសត្រូវបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាបេក្ខភាពនាយករដ្ឋមន្ត្រី និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត៕