(ព្រះសីហនុ)៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានការចាប់អារម្មណ៍​យ៉ាងខ្លាំងពីអ្នកវិនិយោគនៅជុំវិញពិភពលោក។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះសីហនុ មានរោងចក្រ សហគ្រាសកំពុងវិនិយោគចំនួន១៧៥ និងផ្តល់ការងារ​ជាង ៣ម៉ឺនកន្លែង។

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ​ ដោយសារ​ការប្រកាន់ខ្ជាប់នូវគោលគំនិត «ជោគជ័យរួមគ្នា» បានទាក់ទាញការវិនិយោគពី​សហ​គ្រាស​នៅទូទាំងពិភពលោក។ បច្ចុប្បន្ននេះ មានសហគ្រាស​មកពី​ប្រទេស​ចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប និងសហរដ្ឋអាមេរិកសរុបចំនួន១៧៥ បាន​វិនិ​យោគ​ធ្វើអាជី​វ​កម្ម​នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

លោក Channy នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HORSEWARE PRODUCTS(CAMBODIA)CO.,LTD ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានថ្លែងថា «កាលពីមុន អ្វីដែលជាកត្តាសំខាន់បំផុតជំរុញឱ្យយើង​ខ្ញុំសម្រេចចិត្តវិនិយោគ​នៅ​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺដោយសាទីនេះ មានលក្ខខណ្ឌ​វិនិយោគ​ដ៏​អំណោយផល បរិស្ថានស្អាត ហើយក៏មានសន្តិសុខយាម ២៤ម៉ោងផងដែរ បាន​ផ្តល់បរិយា​កាសអាជីវកម្មដ៏ល្អប្រសើរដល់ការអភិវឌ្ឍសហគ្រាស»។

ក្រុមហ៊ុន HORSEWARE PRODUCTS(CAMBODIA)CO.,LTD មកពីប្រទេស​អៀរឡង់ គឺជាសហគ្រាសអឺរ៉ុបទីមួយក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ក្រុម​ហ៊ុននេះ ចូលវិនិយោគក្នុងតំបន់ជាផ្លូវការនៅឆ្នាំ២០១០។ ក្រុមហ៊ុននេះ​មាន​ផ្ទៃ​ដីសរុបចំនួន១៣,០០០ម៉ែត្រការ៉េ បច្ចុបន្នមានកម្មករនិយោជិតចំនួន ២៨៧នាក់។

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផលិតសម្ភារៈ និងខោអាវសម្រាប់ជិះសេះ មាន​សមត្ថភាពផលិតសម្ភារៈ និងខោអាវសម្រាប់ជិះសេះបានចំនួន២២,០០០​ ក្នុង​មួយ​ខែ។ ផលិតផលទាំងនេះ ត្រូវបាននាំចេញទៅប្រទេសអៀរឡង់ អាមេរិក និងឃ្លាំង​អឺរ៉ុបនៅទីក្រុង Rotterdam ប្រទេសហូឡង់។ លើសពីនេះទៅទៀត ក្រុមហ៊ុននេះ​ ក៏​ផ្គត់ផ្គង់ទំនិញទៅកាន់អតិថិជនធំៗមកពីប្រទេសអាល្លឺម៉ង់ បែលហ្ស៉ិក ស៊ុយអែត​ដោយ​ផ្ទាល់។

ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន HORSEWARE PRODUCTS(CAMBODIA)CO.,LTD បាននឹងកំពុងបោះជំហានទៅមុខប្រកបដោយ​ភាពនឹង​នរ។

ទន្ទឹមនឹងនេះ សហគ្រាសអាមេរិក CAFFCO INTERNATIONAL (CAMBODIA)LIMITED ដែលបោះទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ នៅឆ្នាំ​២០​១​៣ បានរីកចម្រើនយ៉ាងផុសផុល ដោយផ្អែកលើឧត្តមភាពរបស់តំបន់​សេដ្ឋកិច្ច​ពិសេស។

លោក Lamar Thompson នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបានបញ្ជាក់ថា មូល​ហេតុសំខាន់ជាងគេ ដែលក្រុមហ៊ុនគាត់សម្រេចចិត្តវិនិយោគនៅតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺដោយសារតំបន់សេដ្ឋកិច្ចពិសេស​ក្រុងព្រះសីហនុ​ ស្ថិត​នៅជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានភាពងាយស្រួលក្នុងការដឹកជញ្ជូន អាចជួយកាត់បន្ថយចំណាយនៃការដឹកជញ្ជូនរបស់ក្រុមហ៊ុន។

បន្ទាប់ពីការសាងសង់រយៈពេល ១ឆ្នាំ នៅឆ្នាំ២០១៤ ក្រុមហ៊ុននេះ បានចាប់​ផ្តើម​ដំណើការជាផ្លូវការ សកម្មភាពចម្បង គឺផលិតដើមណូអែល PVC និងកាដូណូអែល​ផ្សេងៗ សម្រាប់នាំចេញទៅសហរដ្ឋអាមេរិក។

តាមរយៈការអភិវឌ្ឍរយៈពេលច្រើនឆ្នាំ ក្រុមហ៊ុន CAFFCO INTERNATIONAL (CAMBODIA) LIMITED បានពង្រីកទ្រងទ្រាយនៃផលិតកម្មជាបន្តបន្ទាប់ និង​លើក​កម្ពស់ផលិតភាពជាបណ្តើរៗ។ ចំនួនកម្មករនិយោជិត បានកើនឡើងពីចំនួន ១២០នាក់ ដល់ចំនួន ៤៧០នាក់ នៅពេលមានការបញ្ជាទិញច្រើន ចំនួនកម្មករ​និយោជិតអាចកើនឡើងដល់៥៥០នាក់។ ទន្ទឹមនឹងនេះ ចាប់ពីការចូល​វិនិយោគក្នុង​តំបន់​សេដ្ឋកិច្ចពិសេសមក បរិមាណផលិតរបស់ក្រុមហ៊ុនបានកើនឡើង ១០ភាគ​រយ​ក្នុងមួយឆ្នាំ ហើយថែរក្សានិន្នាការអភិវឌ្ឍន៍ដ៏ល្អជារៀងរហូត។

ក្រៅពីក្រុមហ៊ុន HORSEWARE PRODUCTS(CAMBODIA)CO.,LTD និង​ក្រុ​ម​ហ៊ុន CAFFCO INTERNATIONAL (CAMBODIA) LIMITED នៅមានសហ​គ្រាស​មកពីប្រទេសសហរដ្ឋអាមេរិក អង់គ្លេស បារាំង ស្វីស កូរ៉េខាងត្បូងជាច្រើន​ទៀតសម្រេចបានការអភិវឌ្ឍន៍ជោគជ័យរួមគ្នានៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមាន គោលដៅអភិវឌ្ឍប្រែក្លាយខ្លួន​ទៅជា​សួន​ឧស្សាហកម្មអន្តរជាតិគំរូមួយ ផ្តល់នូវការគាំទ្រយ៉ាងពេញលេញរាល់ការវិនិយោគនៅ​ទីនេះ។ ដោយហេតុនេះហើយ តំបន់សេដ្ឋកិច្ចពិសេសបានកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រផលិតកម្ម និងការរស់នៅឥតឈប់ឈរ ដើម្បីលើកកម្ពស់កម្រិតសេវាកម្ម​អន្តរ​ជាតូបនីយកម្ម។ បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមិនត្រឹមតែ​បានសាង​សង់​អាង​ប្រព្រឹត្តកម្មទឹកកខ្វក់ រោងចក្រចំហាយផ្គុំជាមួយអគ្គិសនី អាផាតមិន អាគារស្នាក់​នៅ​បុណ្ណោះទេ ហើយក៏មានការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាល​តំបន់សេដ្ឋ​កិច្ច​ពិសេសក្រុងព្រះសីហនុ បុស្តិ៍សុខភាព មជ្ឈមណ្ឌលផ្តល់សេវាកម្មច្បាប់ វិទ្យាស្ថាន​ពហុ​បច្ចេកទេសមិត្តភាពកម្ពុជាចិនខេត្តព្រះសីហនុ និងវិទ្យាស្ថានធុរកិច្ច និងបច្ចេក​វិទ្យា​ក្រុងព្រះសីហនុផងដែរ បានបង្កើតបរិយាកាសអាជីវកម្មដ៏ល្អ​ប្រសើរសម្រាប់​សហ​គ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេស។