(កំពង់ឆ្នាំង)៖ លោក ឌី ឡាំថា ប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាលចុះជួយ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ បានដឹកនាំ និងរៀបចំពិធីបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជាចំនួន៤៣២នាក់ (ស្រី១៩៤នាក់) ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
នាឱកាសនោះដែរ លោក ឌី ឡាំថា បានថ្លែងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ផ្តោតជាសំខាន់លើការ ជ្រើសរើសនាយករដ្ឋមន្ត្រី សម្រាប់ដឹកនាំ និងគ្រប់គ្រងប្រទេស។ ក្នុងន័យនេះ ប្រសិនបើប្រជាជនជ្រើសរើសខុស, នោះពិតណាស់នឹងមានផលប៉ះពាល់ដល់ សមិទ្ធផលរបស់ប្រទេសទាំងមូល, ពោលគឺមិនត្រឹមតែគ្មានការអភិវឌ្ឍ គ្មានសមិទ្ធផលធំៗថ្មីបន្ថែមទៀត, ប៉ុន្តែ សមិទ្ធផលទាំងអស់នាពេលបច្ចុប្បន្ន ក៏អាចនឹងរលាយបាត់បង់ទៅវិញថែមទៀតផង។ ដូច្នេះ ការជ្រើសរើសអ្នកដឹកនាំ ប្រទេស បានត្រឹមត្រូវមិនត្រឹមតែនឹងជួយឱ្យប្រទេសកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល អាចរក្សាបាននូវសមិទ្ធផលទាំងឡាយដែលសម្រេចបានមកដោយលំបាកលំបិន ក្នុងរយៈពេលកន្លងមកប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងអាចជួយផ្តល់នូវផលផ្លែផ្កានៃការអភិវឌ្ឍយ៉ាងច្រើនដូចជាវឌ្ឍនភាព និងវិបុលភាពជានិរន្ត ព្រមទាំងអាចបន្តជួយដោះស្រាយបានប្រកបដោយប្រសិទ្ធភាព។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាមានឧត្តមគតិផ្សារភ្ជាប់ជានិច្ចទៅនឹងជោគវាសនាប្រទេសជាតិ និង ប្រជាជននៅគ្រប់កាលៈទេសៈគ្រប់ហេតុការណ៍ និងគ្រប់ព្រឹត្តិការណ៍។ អរគុណសន្តិភាព, អរគុណនយោបាយឈ្នះឈ្នះ, ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ, មានសន្តិភាព ទើបមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់។
អាស្រ័យហេតុនេះ ទើបគណបក្សប្រជាជនកម្ពុជាបានប្រកាសដាក់បេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជូនប្រជាជនបោះឆ្នោត ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស សម្រាប់នីតិកាលទី៧ និងនីតិកាលបន្តបន្ទាប់ទៀត និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្តី សម្រាប់ពេលអនាគត ។
ក្នុងស្មារតីនេះ សារនយោបាយដ៏សំខាន់បំផុត ដែលឃោសនិករបស់គណបក្សប្រជាជនកម្ពុជាត្រូវលើកឡើងជូនប្រជាជនសម្រាប់ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺ «បើស្រឡាញ់សន្តិភាព, សូមបោះឆ្នោតជូនគណបក្សប្រជាជន កម្ពុជា», «បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង»៕