(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីនយោបាយកំណែទម្រង់ស៊ីជម្រៅ ដោយផ្តោតការយកចិត្ត ទុកដាក់ខ្ពស់លើវិស័យសង្គមកិច្ច ព្រមទាំងបានដាក់ចេញនូវក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងគោលនយោបាយជាតិស្តីពីមនុស្សចាស់ ២០១៧-២០៣០ ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់ ប្រជាជន ក្នុងការគាំពារដល់ជីវភាពរស់នៅរបស់ជនក្រីក្រងាយរងគ្រោះ សំដៅបង្កើតនូវសេវា សាធារណៈ មួយ ដែលមានលក្ខណៈសមស្រប តាមតម្រូវការរបស់ប្រជាជន ពិសេសដោះស្រាយបាន ទាន់ពេល វេលា និងប្រកបដោយប្រសិទ្ធភាព។
លោក វង សូត លើកឡើងបែបនេះ ខណៈលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី២៩ នៃទិវា អន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ក្រោមប្រធានបទ« គ្រួសារជាកម្លាំងចលករ ក្នុងការសម្រេចបាននូវ គោល ដៅ អភិវឌ្ឍន៍ប្រកប ដោយចីរភាព» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣។
បន្ថែមពីលើនេះ រដ្ឋមន្រ្តី មានប្រសាសន៍ថា ទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ជាទិវាដែលបង្ហាញពីការយកចិត្តទុកដាក់ និងទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ដែលជាកោសិកាសង្គម ដ៏មានសារៈសំខាន់ក្នុងការអប់រំសីលធម៌ ចរិយាធម៌ ដល់សមាជិកគ្រួសារឱ្យក្លាយខ្លួនទៅជាបុគ្គលក្នុងសង្គម ជាតិ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព។
លោកបានគូសបញ្ជាក់ទៀតថា ដើម្បីទប់ទល់នឹងវិបត្តិដែលកើតមានដោយសារជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍ជាបន្តបន្ទាប់ ក្នុងគោលដៅស្តារជីវភាពរបស់ប្រជាជនទូទៅ ជាពិសេសប្រជាជនដែលងាយរងគ្រោះ និងក្រីក្រ តាមរយៈការអនុវត្តកម្មវិធីជំនួយសង្គមរួមមាន៖ (១.)កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, (២.) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនដល់ គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, (៣.) ជំនួយសង្គមជាសាច់ ប្រាក់ ក្រោយបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកស្លាប់ដោយសារ ជំងឺ កូវីដ-១៩, (៤.) កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ជូនគ្រួសាររងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់, (៥.) កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា។
ជាទីបញ្ចប់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសង្ឃឹមយ៉ាងមុតមាំថា ការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារនាពេលនេះ នឹងបាន រួមចំណែកផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏មានសារៈសំខាន់នៃគ្រួសារ ដែលខិតខំ ប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សា អប់រំ ទូន្មានប្រៀនប្រដៅកូនចៅឱ្យក្លាយជាពលរដ្ឋល្អ គ្រួសារល្អ និងធនធានមនុស្ស ប្រកបដោយសមត្ថភាព ដែលជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យ កាន់តែរីកចម្រើនឡើង៕