(ភ្នំពេញ)៖ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីសេចក្តី សុវត្ថិភាពប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងទទួលបានការណែនាំពីអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ តំណាងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានចុះត្រួតពិនិត្យជាក់ស្តែង ជួបជាមួយលោកម្ចាស់ផ្សារ និងលោក ឡៅ ឆៀកអូន អ្នកគ្រប់គ្រងទីតាំង។

ជាលទ្ធផល ក្រុមការងារបានចុះមកដល់ទីតាំងខាងលើ បានពិនិត្យឃើញថា ទីតាំងខាងលើ ពុំមានទូរហ្គេមបាញ់ត្រីនៅផ្សារស៊ីធីម័លជាន់ទី២នោះទេ។

លោក ណុប ផា អភិបាលរងខណ្ឌ ដែលបានដឹកនាំចុះ ពិនិត្យផ្ទាល់ បានឲ្យដឹងថា ក្រោយពីត្រួតពិនិត្យរួលរាល់ ក្រុមការងារបានធ្វើការដាក់កំហិតទៅអ្នកគ្រប់គ្រង ដូចខាងក្រោម៖
១៖ ឲ្យទីតាំងនេះ ធ្វើការផ្អាកអាជីវកម្មជាបណ្តោះអាសន្ន។
២៖ រៀបចំលិខិតអនុញ្ញាត និងឯកសារពាក់ព័ន្ធ ឲ្យបានរួចរាល់ ទើបអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ។
៣៖ មិនអនុញ្ញាតឲ្យមានឧបករណ៍ល្បែងស៊ីសង ជ្រកក្រោមស្លាក ហ្គេមកំសាន្តទេសចរណ៍។
៤៖ ហាមប្រព្រឹត្តបទល្មើសគ្រឿងញៀន។
៥៖ ម្ចាស់ទីតាំងត្រូវសហការជាមួយរដ្ឋបាលខណ្ឌ និងកងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើស នៅទីតាំងនេះ៕