(ព្រះសីហនុ)៖ អតីតសមាជិកក្រុមការងារបណ្ដោះអាសន្នគណបក្សភ្លើងទៀន ខេត្តព្រះសីហនុ លោក ម៉ម សារ៉ាន់ បានស្ម័គ្រចិត្តចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយលោកអស់ជំនឿតទៅទៀតជាមួយគណបក្ស ភ្លើងទៀន។
ការណ៍ដែលស្ម័គ្រចិត្ត ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានេះ ដោយសារលោក ម៉ម សារ៉ាន់ មើលឃើញពីការដឹកនាំយ៉ាងត្រឹមត្រូវ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលមានគុណបំណាច់យ៉ាងធំធេងចំពោះប្រទេសជាតិ។
លោក ម៉ម សារ៉ាន់ ក៏បានប្ដេជ្ញាអនុវត្តតាមកម្មវិធីនយោបាយ និងលក្ខខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។ លោក គួច ចំរើន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន របស់សមាជិកគណបក្សថ្មីរូបនេះ។
លោកប្រធានគណបក្សខេត្ត ក៏បានចាត់ទុកការចុះចូលជាមួយគណបក្សនេះ គឺជាការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ពិសេស គឺដើម្បីចូលរួមការពារសន្តិភាព ស្ថិរភាព បន្តការអភិវឌ្ឍប្រទេសជាតិ និងការពារសមិទ្ធផលជាតិ ដែលសម្រេចបានកន្លងមក៕