(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ ២០ ឧសភាឆ្នាំនេះ បានរៀបចំពិធីបង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃ ចំនួន១៨០អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្តាប់នៅរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការគណបក្សរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មន្ត្រីរាជការ និងប្រជាជន ចំនួន៦,០០០នាក់។

ក្នុងពិធីនោះ ក្រុមសិល្បៈករ បានសម្តែងនូវឈុនឆាកដ៏សាហាវឃោរឃៅរបស់បន ប៉ុល ពត ដែលបានធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃបំផុត ដែលធ្វើឲ្យអ្នកចូលរួមកម្មវិធីនេះ ទប់ទឹកភ្នែកមិនបាន។ ២០ឧសភា បានក្លាយជាថ្ងៃកាន់មរណៈទុក្ខ ដែលប្រជាជនកម្ពុជា បានចារឹកជាប់ក្នុងបេះដូង មិនអាចបំភ្លេចបាន នូវអំពើដ៏សាហាវយង់ឃ្នងរបស់ពួកប្រល័យពូជសាសន៍ ដែលបានប្រព្រឹត្តមកលើប្រជាជនកម្ពុជា អស់រយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់ជាង៣លាននាក់។

ក្រុមមន្ត្រី និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋបានដាក់កំរងផ្កាដោយសំរួមកាយវាចារចិត្ត នៅចំពោះស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះប្រមាណ ៨,៩៨៥នាក់ ដែលត្រូវបានគាស់ ចេញពីរណ្តៅសពរួម ចំនួន៨៦រណ្តៅ ដែលត្រូវពួកឃាតករអាវខ្មៅយកមកសម្លាប់ នៅជើងឯកនេះ ដោយយកចេញពីគុកទួលស្លែង កណ្តាលក្រុងភ្នំពេញ ហើយសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ជិត១ម៉ឺននាក់ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដែលជាស្ថាបនិកតែមួយគត់ ក្នុងការទប់ស្កាត់ មិនអោយរបបប្រល័យពូជសាសន៍នេះកើតឡើងជាលើកទី២ នៅលើទឹកដីអង្គរ នៃយើង និងរួមគ្នាថែរក្សាសុខសន្តិភាព ដែលរាជរដ្ឋាភិបាលខំប្រឹងរកបានដោយលំបាកនេះ ឲ្យបានស្ថិតស្ថេរគង់វង់ ក៏ដូចជារួមគ្នាទប់ស្កាត់ឲ្យបាននូវរាល់ឧបាយកលរបស់ពួកអគតិ ដែលមានបំណងនាំប្រទេសកម្ពុជា ឲ្យទៅធ្លាក់ក្នុងរណ្តៅមរណៈភាពជាថ្មី និងបង្កអសន្តិសុខ ប៉ះពាល់ស្ថេរភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋផងដែរ។

លោក ឃួង ស្រេង បានឧទ្ទិសថ្ងៃ ២០ឧសភា ឲ្យស្ថិតនៅក្នុងដួងចិត្តកូនខ្មែរគ្រប់ជំនាន់ និងប្រឆាំងដាច់ខាតរាល់ឧបាយកល់ណាមួយ ដែលមានបំណងរុញកម្ពុជាឲ្យធ្លាក់ចូលគ្រោះប្រល័យពូជសាសន៍ជាថ្មី ក៏ដូចជាការប៉ុនប៉ងបំផ្លាញសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន បានដឹកនាំ ស្វែងរកបានដោយលំបាក៕