(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានលើកឡើងថា កម្ពុជាត្រូវការចាំបាច់សំខាន់បំផុត គឺសុខសន្ដិភាព និងប្រឆាំងការវិលត្រឡប់មកវិញនៃសង្គ្រាម។
ក្នុងឱកាសបន្ដជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជនចំនួន២,៣៨៩នាក់ នៅស្រុកបាណន់ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ដើម្បីធ្វើឲ្យមានសុខសន្តិភាពស្ថិតនៅយូរអង្វែង យើងត្រូវនាំគ្នាពង្រឹងរក្សាការពារសន្តិភាពនេះ មិនឲ្យធ្លាក់ចូលទៅសង្រ្គាមបានជាដាច់ខាត។
ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបាណន់ ដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ធ្វើឲ្យមូលដ្ឋានស្រុក ឃុំ ភូមិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឲ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកបាណន់ ដែលបានតស៊ូ លះបង់ ធ្វើពលីកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថេរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍន៍ភាពសង្គមដូចសព្វថ្ងៃនេះ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ បានកត់ត្រា និងចងចាំជានិច្ចនូវស្នាដៃ និងគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តន៍ជនគ្រប់ជំនាន់។ ក្នុងនោះបើយើងទាំងអស់គ្នា រកបានសន្តិភាពហើយ យើងក៏ត្រូវពង្រឹង និងរក្សាសន្តិភាពនេះបន្តឲ្យនៅគង់វង្សយូរអង្វែង គឺកុំឲ្យបាត់សន្តិភាពទៅវិញបានឡើយ។
សម្ដចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់គ្រប់ថ្នាក់ ដែលបានផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងទាំងធនធាន និងស្មារតី ធ្វើឲ្យរដ្ឋបាលស្រុកបាណន់ និងឃុំទូទាំងស្រុក កាន់តែមានលទ្ធភាពក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន ពិសេសការផ្ដល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ។
សម្ដេចបានបញ្ជាក់អំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួល នៃសង្គមជាតិការប្រែប្រួលដ៏ស្មុគស្មាញ នៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។ ទន្ទឹមនឹងការវិវត្តប្រែប្រួលស្មុគស្មាញនៃសភាពការណ៍តំបន់ និងអន្តរជាតិនោះ នៅកម្ពុជា ក្រុមប្រឆាំងជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួននៅតែបន្តរិះរកគ្រប់វិធី ប៉ុនប៉ងបង្កឲ្យមានភាពចលាចលវឹកវរក្នុងសង្គមដើម្បីឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងប្រើប្រាស់គ្រប់ល្បិចកលដើម្បីរារាំងដល់ដំណើរការ នៃការអភិវឌ្ឍសង្គមជាតិ។
សម្ដេចក្រឡាហោម ស ខេង បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតសម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងវិធានការនានាដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីមន្រ្តីរាជការកងកម្លាំង មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងនោះរួមទាំងក្នុងស្រុកបាណន់ផង។ សម្ដេចក៏បានជម្រាបជូនអំពីទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល រួមមានទិសដៅការងារឆ្នាំ២០២៣ និងទិសដៅរយៈពេល៥ឆ្នាំទៅមុខបន្តទៀត។
សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គ្នា ត្រៀមទៅបោះឆ្នោតជ្រើសរើសសភាតំណាងរាស្រ្ត នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការរីកចម្រើនកាន់តែប្រសើរជាងមុនបន្ថែមទៀត ប្រកបដោយ សុខសុវត្ថិភាព មានសន្តិភាព ទើបមានអ្វីៗទាំងអស់ដល់សព្វថ្ងៃ។
សម្តេចគូសបញ្ជាក់ថា នគរបាលជាក្របខ័ណ្ឌរបស់អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ មិនមែនជាក្របខ័ណ្ឌរបស់ខេត្ត ស្រុក ឃុំ ទេ តែអាជ្ញាធរអាចសហការបញ្ជា ក្នុងការងារនៅតាមមូលដ្ឋានបានរបស់ខ្លួនបាន។ ក្នុងនោះយើងបាននិងកំពុងពង្រឹងបង្កើតច្រកចេញ-ចូលតែមួយនៅស្ថាប័នរដ្ឋឲ្យគ្រប់កន្លែង និងការផ្ទេរសាលារៀនកម្រិតទាប ផ្ទេរពីក្រសួងឲ្យមកខេត្ត ស្រុក ជាអ្នកទទួលខុសត្រូវខ្លួនឯងតាមគោលការណ៍ វិមជ្ឈការ និងសហវិជ្ឈការ ថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ៕