(កំពង់ស្ពឺ)៖ សកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀត និងអតីតគណបក្សសង្គ្រោះជាតិ ចំនួន១២០នាក់ នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រោយទទួលបានការស្នើសុំចូលរួមជីវភាពនយោបាយ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ លោក អ៊ិន ឃុន អនុប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលជាមួយអតីតសកម្មជនគណបក្សប្រឆាំងទាំងអស់នោះ។
លោក អ៊ិន ឃុន បានលើកឡើងថា ការវិលមករួមជីវភាពនយោបាយរបស់ប្រជាពលរដ្ឋអតីតអ្នកគាំទ្រគណបក្សប្រឆាំង មានន័យថា មិនមែនមកចុះចូល ឬក្រោមការគៀបសង្កត់ពីនរណានោះទេ ពោលពួកគាត់បានមើលឃើញអំពីការដឹកនាំប្រទេសរបស់គណបក្សប្រជាជន ដែលមានការអភិវឌ្ឍន៍ ហើយបានធ្វើឲ្យប្រទេសជាតិមានសន្តិភាពពេញលេញ ដែលធ្វើឲ្យអន្តរជាតិទទួលការរីកចម្រើនលើគ្រប់វិស័យ។
ជាមួយគ្នានោះ កញ្ញា អ៉ឹម ជូអេង ក្រុមយុវជនឆ្នើមគណបក្សបក្សភ្លើងទៀង រស់នៅភូមិអន្លង់ពពាយ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានលើកឡើងថា កញ្ញាសូមកោតសរសើរចំពោះរាជរដ្ឋាភិបាល ជាពិសេសព្រឹត្តិការណ៍ស៊ីហ្គេម បើកបិត គឺឥតខ្ចះតែម្តង ហើយកញ្ញាមើលឃើញពីគុណប្រយោជន៍ នៃសន្តិភាពណាស់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕