(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានថ្លែងថា សម្រាប់ឆ្នាំ២០២៣នេះ ជាឆ្នាំដ៏ពិសេសរបស់កម្ពុជា-ចិន ដែលជាខួបលើកទី៦៥ នៃចំណងទំនាក់ទំនងរវាងចិន-កម្ពុជា និងជាខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយរបស់លោកប្រធានាធិបតី ស៉ី ជិនពីង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានខិតខំធ្វើការជាមួយថ្នាក់ដឹកនាំចិន រហូតដល់បង្កើតបានមិត្តភាពដៃគូ ជាយុទ្ធសាស្ត្រគ្រប់គ្រុងជ្រោយ។ បន្ថែមលើនោះលោក ស៉ី ជិនពីង ប្រធានាធិបតីចិនបានប្រសិទ្ធនាមកម្ពុជាថា «ជាមិត្តដែកថែម» ដែលមិនអាចមានអ្នកណា មកបំបែកបំបាក់សាមគ្គីភាពនេះបានទេ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា មានលក្ខខណ្ឌចំនួន៣ ដែលនាំឱ្យកម្ពុជា ក្លាយជាសមាជិកគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ចិន រួមមាន៖ ការរក្សាបានសន្តិភាព និងអភិវឌ្ឍន៍, មិនប្រឆាំងប្រទេសដទៃ និងគោរពមជ្ឈភាពរបស់អាស៊ាន ហើយគំនិតផ្តួចផ្តើមនេះ បានផ្តល់ផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ជាក់ស្តែងដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលទើបទទួលភ្ញៀវស៉ីហ្គេម និងបិទបញ្ចប់ដោយជោគជ័យនាពេលថ្មីៗកន្លងទៅនេះ។ ក្រៅពីនេះ នៅមានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ, ព្រលានយន្តហោះអន្តរជាតិសៀមរាប, គម្រោងតភ្ជាប់ខ្សែកាប្លិ៍អ៉ីនធើណិតក្រោមបាតសមុទ្រ ហុងកុង-ព្រះសីហនុ រួមទាំងបណ្តាគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ ស្ពាន មន្ទីរពេទ្យ ជាច្រើនទៀតផងដែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់ និងទស្សនាសមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ព្រមទាំងសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគួរតែបញ្ជាក់អំពីសារបាន ហេតុអ្វីបានជាកម្ពុជាស្ថិតក្នុងប្រទេស១៥០ និងអង្គការអន្តរជាតិ ៣២ ដែលបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌខ្សែក្រវាត់ និងផ្លូវ ដែលផ្តួចផ្តើម ដោយឯកឧត្តមប្រធានាធិបតី ស៉ី ជិនពីង? ចំណុចនេះ គឺស្របជាមួយគោលនយោបាយ ពីដើមដល់ចប់របស់កម្ពុជា។ ចំណុចបី ដែលកម្ពុជាត្រូវដើរ រាល់គំនិតផ្តួចផ្តើមទាំងអស់ ត្រូវតែបម្រើដល់សន្តិភាព និងការអភិវឌ្ឍ ព្រោះគំនិតផ្តួចផ្តើមក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក ឬឥណ្ឌូប៉ាស៉ីហ្វិកវាច្រើនពេកហើយ ប៉ុន្តែកម្ពុជាត្រូវតែរក្សាគោលជំហរ ទី១៖ បើអ្នកចង់ឲ្យខ្ញុំគាំទ្រ អ្វីដែលវត្ថុបំណងត្រូវតែបម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ, ទី២៖ គឺកុំប្រឆាំងជាមួយប្រទេសណា និងទី៣៖ ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ នេះជាគោលការណ៍ធំៗនៃគោលនយោបាយការបរទេសរបស់កម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន បន្តថា មិនមែនតែកម្ពុជាទេ ដែលទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនេះ បណ្តាប្រទេសអាស៊ានដទៃទៀត ក៏កំពុងទទួលបានផលប្រយោជន៍ផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះថ្លែងនូវការអបអរសាទខួប ១០ឆ្នាំនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ដែលដាក់ចេញដោយលោកប្រធានាធិបតី ស៉ី ជិនពីង។
សម្តេចតេជោ បានរំលឹកពីការអញ្ជើញចូលរួម ក្នុងប្រជុំគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន កាលពីឆ្នាំ២០១៣ ដោយលោក ស៉ី ជិនពីង បានប្រកាសអនុវត្តន៍គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងបានប្រកាសដាក់នូវថវិកាចំនួន៣០ពាន់លានដុល្លារ។ ពេលនោះសម្តេចបានថ្លែងទៅកាន់ប្រធានាធិបតីចិន ក្នុងអង្គប្រជុំថា «តំបន់របស់យើងមានគំនិតផ្តួចផ្តើមច្រើនណាស់ ប៉ុន្តែអ្វីដែលយើងខ្វះខាត គឺមិនមានប្រាក់ដើម្បីអនុវត្តន៍គម្រោងនោះទេ»។ បន្ទាប់ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន ត្រូវបានអនុវត្តន៍មានសមិទ្ធផលជាច្រើន ក្នុងតំបន់អាស៊ាន ចាប់ផ្តើមដំណើរការដូចផ្លូវរថភ្លើង, ផ្លូវ Highway តភ្ជាប់រវាងចិន និងប្រទេសអាស៊ាន ជាដើម៕