(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ការសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ពីក្រុមប្រឹក្សាធម្មនុញ្ញ គឺជារឿងត្រឹមត្រូវ។

ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើង​ទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ជុំវិញការមិនចុះបញ្ជីឈ្មោះចូលរួមបោះ​ឆ្នោត​ជ្រើស​តាំងតំណាងរាស្ត្រពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

លោកបានលើកឡើងតាមបណ្តាញសង្គមដូច្នេះថា៖ «ការសម្រេចបដិសេធចោលបណ្តឹងរបស់បក្សភ្លើងទៀន និងបក្សមហាសាមគ្គីជាតិខ្មែរ ពីក្រុមប្រឹក្សាធម្មនុញ្ញ គឺជារឿងត្រឹមត្រូវ ដោយមិនអាចបង្កើតវប្បធម៌គ្មានតម្លាភាពក្នុងការអនុវត្តច្បាប់បានឡើយ។ ច្បាប់គឺច្បាប់»

សូមជម្រាបថា ថ្មីៗនេះ គ.ជ.ប បានចេញសេចក្តីសម្រេច បដិសេធការចុះបញ្ជីឈរ​ឈ្មោះ​បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សមហា​សាមគ្គី​ជាតិខ្មែរ និងគណបក្សភ្លើងទៀន ក្រោមហេតុផលគណបក្សទាំងពីរនេះ មិន​បានបំពេញឱ្យគ្រប់លក្ខ​ខណ្ឌតម្រូវ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

ដោយឡែកគណបក្សនយោបាយចំនួន១៨ ត្រូវបាន គ.ជ.ប សម្រេចទទួល​ស្គាល់​ជា​ផ្លូវការលើការចុះបញ្ជីរបស់គណបក្សនយោបាយ សម្រាប់ការជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាលទី៧ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាង​មុខ​នេះ បន្ទាប់ពីគណបក្សទាំងនោះបំពេញគ្រប់លក្ខខណ្ឌ នៃច្បាប់បោះឆ្នោត៕