(ហាណូយ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ឌ័ន ហុងហ្វុង (Doan Hong Phong) សមាជិកមជ្ឈឹមបក្សអគ្គអធិការ​នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ។

ពិធីចុះហត្ថលេខានេះបានធ្វឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅទីស្តីការអធិការកិច្ចរដ្ឋាភិបាលវៀតណាម។

គួររលឹកថា មន្រ្តីរាជការរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទទួលបានការបណ្តុះបណ្តាលលើជំនាញអធិការកិច្ច មានពីរវគ្គ (រយៈពេល ៦ខែ រយៈពេល ៣ខែ និងរយៈពេល ១ខែ) នៅសាធារណៈរដ្ឋសង្គមនិយមវៀតណាម គិតចាប់តាំងពីឆ្នាំ ២០០៦-២០១៨ មានចំនួនសរុប២៥៣នាក់ ក្នុងនោះ រយៈពេល ៦ខែ ចំនួន៨នាក់ រយៈពេល៣ខែ ចំនួន២០នាក់ និងរយៈពេល ១ខែ ចំនួន២២៥នាក់។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងអំពីប្រវត្ដិសហប្រតិបត្ដិការរវាងស្ថាប័ន អធិការកិច្ច នៃប្រទេសកម្ពុជា-វៀតណាម។

ស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នាលើវិស័យអធិការកិច្ចរួមមាន៖

*លើកទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥
*លើកទី២ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១២
*លើកទី៣ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦
*លើកទី៤ គឺថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

អនុវត្ដន៍តាមខ្លឹមសារអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការអនុវត្ដកិច្ចព្រមព្រៀងរវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គលេខាធិការដ្ឋាន អធិការកិច្ច រដ្ឋាភិបាលវៀតណាម បានធ្វើឱ្យស្ថាប័នអធិការកិច្ច នៃប្រទេសទាំងពីរ បានដកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើការងារអធិការកិច្ច ការដោះស្រាយបណ្ដឹងតវ៉ា បណ្ដឹងបរិហារ និងការបង្ការទប់ស្កាត់អំពើ ពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្ម នៃអំណាចសាធារណៈ៕