យោងតាមវិដេអូរបស់លោកស្រី Michelle Obama ដែលបានផ្សាយនៅក្នុងគេហទំព័រ The White House របស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ស្តីអំពីដំណើរទស្សនកិច្ច របស់លោកស្រី Michelle Obama នៅប្រាសាទអង្គរវត្ត របស់កម្ពុជា ដ៏ល្បាញល្បីលើពិភពលោក។ លោកស្រីទី១ ភរិយារបស់ប្រធានាធិបតី សហរដ្ឋអាម៉េរិក បានរៀបរាប់យ៉ាងដូច្នេះថា៖
បន្ទាប់ពីធ្វើទស្សនកិច្ចនៅសាលា ហ៊ុន សែន បាគង ក្នុងគោលដៅជំរុញកម្មវិធី Let Girls Learn លោកស្រី Michelle Obama បានបន្តដំណើរទស្សនកិច្ចនៅប្រាសាទអង្គរវត្ត ដែលជាប្រាសាទបុរាណដ៏ធំមហិមាមួយ ស្ថិតនៅក្នុងខេត្តសៀមរាប។
លោកស្រីបានបញ្ជាក់ថា ប្រាសាទអង្គរវត្តត្រូវបានកសាងឡើង តាំងពីដើមសតវត្សរ៍ទី១២ នៃគ.ស ប៉ុន្តែនៅតែស្ថិតស្ថេរជាវិមានសាសនាដ៏ធំមួយនៅលើផែនដី។
ប្រាសាទបុរាណនេះបានក្លាយជានិមិត្តសញ្ញារបស់ប្រទេសកម្ពុជា ព្រមទាំងជារូបភាពក្នុងទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។
អង្គរវត្តដំបូងឡើយត្រូវបានកសាងឡើងដើម្បីគោរពដល់អាទិទេព នៃសាសនាហិណ្ឌូ ហើយក្រោយមកបានក្លាយជាទីកន្លែង សម្រាប់សក្ការៈបូជានៃសាសនាព្រះពុទ្ធ។ ប្រាសាទនេះស្ថិតនៅក្នុងអតីតរាជធានី នៃអាណាចក្រខ្មែរបុរាណ។ ក្នុងពេលនោះប្រាសាទទាំងនេះ ហ៊ុំព័ទ្ធដោយលំនៅដ្ឋានប្រជាពលរដ្ឋ និងវាលស្រែរាប់រយគីឡូម៉ែត ហើយមនុស្សបានបង្កើតផ្លូវទឹក ដើម្បីបញ្ជូលទឹកទៅវាលស្រែរបស់កសិករថែមទៀតផង។
ក្នុងពេលទស្សនាជុំវិញប្រាសាទ អ្វីដែលលោកស្រីបានឃើញ ធ្វើឲ្យលោកស្រីស្រមៃនឹកដល់អរិយធម៌ដ៏រុងរឿង ការកសាងប្រាសាទទាំងនេះឡើង។ ចម្លាក់ដ៏ស្រស់ស្អាតជាច្រើនត្រូវបាន ឆ្លាក់នៅលើជញ្ជាំងប្រាសាទ ដែលបង្ហាញពីរឿងរ៉ាវប្រវត្តិសាស្ត្រ នៃប្រជាពលរដ្ឋខ្មែរ ក្នុងសម័យនោះ។ លោកស្រី Michelle បានឃើញ ទីតាំងក្នុងប្រាសាទដែលជាកន្លែងមនុស្សធ្លាប់គោរពបូជាចំពោះព្រះអាទិទេព និងផ្លូវជុំវិញប្រាសាទដែលដូនតាខ្មែរធ្លាប់ដើរឆ្លងកាត់ជាដើម។
លោកស្រី First Lady រូបនេះបានបន្តបញ្ជាក់ថា មិនមានអ្នកណាម្នាក់ដឹងច្បាស់ពីមូលហេតុដែលនាំឲ្យមនុស្សចាកចោលប្រាសាទ និងទីក្រុងនេះនោះទេ ហើយនៅសតវត្សរ៍ទី១៥ មនុស្សស្ទើរទាំងអស់បានចាកចេញពីទីនេះ។
ក្រោយមកដើមឈើបានដុំព័ទ្ធប្រាសាទ គឺមានតែព្រះសង្ឃតែប៉ុណ្ណោះដែលបន្តគង់នៅ និងសូត្រធម៌នៅទីនោះ។ យ៉ាងនេះក្តីហេតុផលទាំងនេះមិនអាចបញ្ឈប់មនុស្សមិនឲ្យបន្តមកទស្សនាស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះបានឡើយ។ ហើយពេលនេះ លោកស្រីពិតជាអរគុណ និងរីករាយជាខ្លាំង ក្នុងការក្លាយជាមនុស្សម្នាក់ដែលបានមកទស្សនានៅទីនេះ៕
សូមទស្សនាវិដេអូទាំងស្រុង-->