(ត្បូងឃ្មុំ)៖ សកម្មជនដ៏សំខាន់របស់គណបក្សភ្លើងទៀន និងសមាជិកនៅមូលដ្ឋានឃុំត្រពាំងផ្លុងចំនួន ២៧នាក់ ក្នុងស្រុកពញាក្រែក នៃខេត្តត្បូងឃ្មុំបានសម្រេចចិត្តទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះរបស់ឈ្មោះ ជឿន ចិត្ត ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាប្តី និងប្រពន្ធឈ្មោះ វង សេង ភេទស្រី អាយុ២២ឆ្នាំ នារសៀលថ្ងៃទី២៨ ខែឧសាភា ឆ្នាំ២០២៣ ដោយបានប្រកាសជាសាធារណៈ ដើរចេញេពីបក្សរបស់ខ្លួន ដោយមូលហេតុគណបក្សភ្លើងទៀន តែងតែបង្កអរិភាពក្នុងសង្គម និងតែងតែអំពាវនាវឲ្យប្រទេសដទៃកាត់ជំនួយ មកប្រទេសកម្ពុជា។
ជាមួយគ្នានេះ ពួកគាត់ទាំងអស់គ្នាបានសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថាមានតែ គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលបានបន្តការកសាង និងអភិវឌ្ឍប្រទេសជាតិ មានរីកចម្រើនយ៉ាងឆាប់រហ័ស។
អតីតសកម្មជនគណបក្សភ្លើងទៀតបានបញ្ជាក់ថា ដោយសារមើលឃើញពីគុណតម្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍ រីកចម្រើន និងល្បីរន្ទឺលើឆាកអន្ដរជាតិនេះហើយ ទើបខ្លួនផ្លាស់ប្ដូរផ្នត់គំនិតងាកមកគាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
សូមបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយនេះ មានថ្នាក់ដឹកនាំបក្សភ្លើងទៀនជាច្រើនរូប រួមទាំងអ្នកគាំទ្រយ៉ាងច្រើនផុសផុស កំពុងនាំសម្រុកចាកចេញពីបក្សភ្លើងទៀន ហើយទៅរួមរស់ជាមួយបក្សប្រជាជនកម្ពុជា។ ការចាកចេញរបស់ពួកគេក្រោមហេតុផល អស់ជំនឿលើការដឹកនាំរបស់បក្សភ្លើងទៀន បក្ខពួកនិយម មិនផ្តល់តម្លៃសម្រាប់អ្នកតស៊ូក្នុងបក្សជាដើម៕