(ភ្នំពេញ)៖ លោក ទុំ ប៊ុនថន អតីតមន្ដ្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ ហើយជាអ្នកដែលងប់ងល់ជាមួយគណបក្សប្រឆាំងជិត២០ឆ្នាំកន្លងមកនេះ បានចេញមកបញ្ជាក់អំពីមូលហេតុចម្បងមួយចំនួន ដែលខ្លួនសម្រេចចិត្តផ្លាស់ប្ដូរផ្នត់គំនិត និងគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនសុំចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចវិញ។
ជាអ្នកដែលធ្លាប់ជាប់ពន្ធនាគារ ហើយត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោសនោះ លោក ទុំ ប៊ុនថន បានអះអាងថា រយៈពេល២០ឆ្នាំមកនេះ លោកមិនដែលទទួលបានភាពកក់ក្ដៅណាមួយពីគណបក្សប្រឆាំង ពិសេសអតីតគណបក្សសង្គ្រោះជាតិបន្ដិចណាសោះឡើយ ពោលមានតែការឈឺចាប់ប៉ុណ្ណោះ។
លោក ទុំ ប៊ុនថន បានគូសបញ្ជាក់ថា នៅក្នុងអតីតគណបក្សសង្គ្រោះជាតិ ពួកគេតែងតែនិយាយអំពីរឿងស្នេហាជាតិ ប៉ុន្ដែធាតុពិតក្រុមទាំងនោះគឺជាមនុស្សបក្ខពួកនិយម គ្មានឧត្តមគតិស្នេហាជាតិបន្ដិចណាឡើយ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយមិនដែលយកចិត្តទុកដាក់ចំពោះសមាជិក សមាជិកាដែលជាថ្នាក់ក្រោមរបស់ខ្លួនបន្ដិចណាសោះ។
លោកបានរំលឹកទៀតថា កាលពីបោះឆ្នោតឆ្នាំ២០១៨ ក្រោយគណបក្សសង្គ្រោះត្រូវបានរាជរដ្ឋាភិបាលរំលាយដោយប្រព្រឹត្ដខុសច្បាប់នោះ លោកបានចាញ់បោកយុទ្ធនាការម្រាមដៃស្អាតដេកផ្ទះឈ្នះឯង ដែលពេលនោះក្រុមលោក អេង ឆៃអ៊ាង បានណែនាំឲ្យលោកចូលរួមយុទ្ធនាការនេះ នៅទីតាំងហាងដែលលោកធ្វើអាជីវកម្ម។ ពេលនោះដោយសារអំពើខុសច្បាប់ អាជ្ញាធរបានសម្រេចបិទអាជីវកម្មរបស់លោក ប៉ុន្ដែពួកគេនោះមិនដែលខ្វាយខ្វល់ពីលោកឡើយ សូម្បីតែការសួរសុខទុក្ខ។
លោក ទុំ ប៊ុនថន បានបន្ថែមទៀតថា ក្រុមរបស់លោក អេង ឆៃអ៊ាង ធ្លាប់បានស៉ីដាច់លុយរបស់លោកជាង៦ពាន់ដុល្លារ ដែលគេផ្ញើឲ្យលោកដើម្បីដោះស្រាយជីវភាព ក្រោយការផ្អាកអាជីវកម្មថែមទៀតផង។ លុះពេលលោកជាប់ពន្ធនាគារឆ្នាំ២០១៩ ក្រុមជ្រុលនិយមទាំងអស់នោះ ចោទលោកថាជារកស៉ីឈ្នួលធ្វើរណុកក្នុងថែមទៀត ដែលធ្វើឲ្យលោកកាន់តែឈឺចាប់មួយកម្រិតទៀត។
សូមស្ដាប់ការលើកឡើងរបស់លោក ទុំ ប៊ុនថន៖