(កំពង់ចាម)៖ លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានប្រកាសបញ្ចូលសមាជិកបក្សទើបបង្កើតថ្មីចំនួនជាង៧,០៥០នាក់ មកពីឃុំទាំង១៤ទូទាំងស្រុកស្រីសន្ធរ។
លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានឲ្យដឹងថា ការជួបជុំគ្រួសារសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាក្នុងស្រុកស្រីសន្ធរ នាពេលនេះ គឺប្រកបដោយក្តីរីករាយ ដែលទទួលបានសមាជិកបក្សថ្មីជាង៧,០០០នាក់ និងសង្ឃឹមថា សមាជិកសមាជិកាថ្មីនេះ ពិតជាគោរពទៅតាមការប្ដេជ្ញាចិត្ត និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទទួលបានជោគជ័យ ទៅតាមការគ្រោងទុក។
លោកឧប យឹម ឆៃលី បានច្រើនរំលឹកដល់សមាជិកទើបនឹងចូលថ្មី ត្រូវស្វែងយល់ឲ្យបានច្បាស់អំពីគោលនយោបាយយុទ្ធសាស្ត្ររបស់គណបក្ស និងត្រូវក្តាប់ឱ្យបានច្បាស់ថា គណបក្សប្រជាជនកម្ពុជាមានការស្មោះត្រង់ជាមួយជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋដោយឥតលក្ខខណ្ឌ និងនិងហ៊ានបូជាអាយុជីវិតដើម្បីជាតិមាតុភូមិ។
លោក លឹម ឆៃលី បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានបទពិសោធន៍ចាស់ទុំ យូរមកហើយ ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងមានពិសោធន៍គ្រប់គ្រាន់ក្នុងការបោះឆ្នោតក្នុងអាណិត៥ឆ្នាំម្ដង។ ជាមួយគ្នានេះ ទន្ទឹមនិងការប្ដេជ្ញាចិត្តរបស់សមាជិក សមាជិកាថ្មី នាពេលនេះ សមាជិក សមាជិកាទាំងអស់ ពិសេសគឺយុវជនជំនាន់ក្រោយ ត្រូវយល់ឱ្យបានច្បាស់ថា បក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលហ៊ានលះបង់អាយុជីវិតជួយប្រជាពលរដ្ឋ និងជាគណបក្សមួយដែលមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងដំណើរការប្រជាធិបតេយ្យ ហើយក៏ជាគណបក្សមួយដែលបង្កើតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕