(ត្បូងឃ្មុំ)៖ ក្រោយអស់ជំនឿនឹងគណបក្សភ្លើងទៀន ព្រោះធ្វើឱ្យបាត់ឯកសារគណបក្ស និងប្រកាសគាំទ្រការសម្រេចមិនឱ្យគណបក្សនេះ បានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ផងដែរ ពាក់ព័ន្ធនឹងគ្មានឯកសារគ្រប់គ្រាន់។
នៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ មានសកម្មជន និងអតីតអ្នកសង្កេតការណ៏ ដែលជាអ្នកគាំទ្រគណបក្សភ្លើងទៀនចំនួន១៥នាក់ នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដោះអាវ និងមួករបស់គណបក្សដែលពួកគាត់ធ្លាប់ជឿជាក់ និងតាមអស់ជាច្រើនឆ្នាំ ដោយមកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមើលឃើញថាបក្សរបស់ខ្លួនមិនមានមេដឹកនាំល្អ និងត្រឹមត្រូវ ដែលធ្វើឱ្យថ្នាក់ក្រោមអស់សង្ឃឹម មិនអាចរស់នៅជាមួយទៀតបាន។
គួរឱ្យដឹងថា មុនការបោះឆ្នោតនីតិកាលទី៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ គេសង្កេតឃើញថាមេដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀនជាច្រើននាក់ បានសម្រុកដើរចេញពីបក្សរបស់ខ្លួន ហើយសូមចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយសម្លឹងឃើញបក្សរបស់ខ្លួន មិនមានមេដឹកនាំពិតប្រាកដ រចនាសម្ព័ន្ធច្បាស់លាស់ និងបែកបាក់ផ្ទៃក្នុងយ៉ាងខ្លាំង ដែលធ្វើឱ្យពួកគេមិនអាចនៅតស៊ូជាមួយទៀតបាន៕