(ភ្នំពេញ)៖ លោក ស ឡុងដេត មន្ត្រីគណបក្សភ្លើងទៀន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញវីដេអូមួយ ដើម្បីសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងប្រកាសផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី ព្រមទាំងស្នើសូមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈវីដេអូនេះ លោក ស ឡុងដេត បានបញ្ជាក់យ៉ាងដូច្នេះថា «ទង្វើរបស់កូនចៅកន្លងមក កូនចៅសូមអភ័យទោស ហើយចាប់ពីថ្ងៃនេះទៅ កូនចៅសូមផ្តាច់ខ្លួន ពីបុគ្គល សម រង្ស៉ី»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន តាមរយៈ Telegram បានទទួលនូវការសុំទោសរបស់លោក ស ឡុងដេត ហើយសម្តេចថែមទាំងស្នើដល់ក្រសួងយុត្តិធម៌ និងដើមបណ្តឹង បញ្ចប់រឿងក្តីដែលលោក ស ឡុងដេត រិះគន់ព្រឹត្តិការស៉ីហ្គេម លើកទី៣២ ផងដែរ។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយដឹងនូវកំហុសលោក ស ឡុងដេត បានធ្វើការសុំទោសដូចមានក្នុងវីដេអូនេះ។ ដោយសាម៉ីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ ខ្ញុំស្នើសុំដល់ក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹង និងតុលាការ ដើម្បីបញ្ចប់រឿងក្តីនេះតាមវិធីដែលអាចធ្វើទៅបានដូចជាការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់»។
សូមជម្រាបថា ក្រោយការសុំទោសរបស់លោក ស ឡុងដេត គឺសម្តេចតេជោ ហ៊ុន សែន បានទម្លាយថាលោក កំពុងរត់គេចខ្លួន ហើយសម្តេចតេជោ បានហៅមន្ត្រីគណបក្សភ្លើងទៀនរូបនេះ ត្រឡប់មកវិញ ដើម្បីត្រៀមខ្លួនឡើងតុលាការរឿងក្តីពាក់ព័ន្ធនឹងបញ្ហានិយាយពីព្រឹត្តិការណ៍ស៉ីហ្គេម។
ថ្លែងពេលបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្ម ក្នុងរាជធានីភ្នំពេញ សម្តេចតេជោ បានបញ្ជាក់ថា លោក សឡុងដេត មិនអាចចេញទៅក្រៅប្រទេសបាននោះឡើយ ព្រោះមានដីកាពីតុលាការហាមចេញក្រៅប្រទេស ដោយសារត្រូវបានគេប្តឹង រឿងនិយាយបង្ខូចពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជា ស សាឡុងដេត រត់ទៅដល់ថៃក៏សម្តេចស្នើសុំថៃ ឲ្យចាប់បញ្ជូនមកវិញដែរ។
ជាមួយគ្នានេះ ពេលអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងសារព្រមាន លោក ស សាឡុងដេត និងបន្តប្រកាសថា សម្តេចមិនអត់ឱនជនណា ដែលមានទំនាក់ទំនងជាមួយជនក្បត់ជាតិ ៣ជំនាន់នោះឡើយ។
សារព្រមានរបស់សម្តេចតេជោ បានធ្វើឡងបន្ទាប់ពី លោក ស សាឡុងដេត ក្នុងកិច្ចប្រជុំថ្មីៗនេះ ចង់បង្កើតឃុំមួយរបស់បក្សប្រជាជនកម្ពុជា និងឃុំមួយរបស់ភ្លើងទៀន។ ជាមួយគ្នានេះ លោក ស សាឡុងដេត ក៏បានរិះគន់លើការរៀបចំស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយ។
យោងតាមខ្លឹមសាររបស់សម្តេចតេជោ ហ៊ុន សែន លើបណ្តាញ Telegram គឺលោក ស សាឡុងដេត បានប្រជុំជាមួយមន្ត្រីបក្សភ្លើងទៀនខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក
នៅថ្ងៃ៣ ខែមិថុនា ឆ្នាំ២០២៣។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បក្សប្រឆាំងត្រូវបានគេទុកផ្លូវឲ្យដើរច្រើនហើយ ប៉ុន្តែពួកគេតែងតែចង់បំផ្លាញបក្សកាន់អំណាច។ សម្តេចតេជោ បានចាត់ទុកថា ការចង់បំផ្លាញបក្សកាន់អំណាច ប្រៀបបីដូចជាបក្សប្រឆាំង កំពុងធ្វើការសម្លាប់ជីវិតនយោបាយដោយខ្លួនឯង៕