(ភ្នំពេញ)៖ លោក ម៉ៃ ហុងស្រៀង អតីតសមាជិកគណៈកម្មាធិការនាយក នៃគណបក្សភ្លើងទៀន ដែលធ្លាប់ទទួលរងនូវភាពអយុត្តិធម៌ពីគណបក្សមួយនេះ បានចាត់ទុកការសម្រេចចិត្តរបស់លោក ស ឡុងដេត ដែលចេញសុំទោស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះកំហុសឆ្គងរបស់ខ្លួន និងស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជារឿងដែលត្រឹមត្រូវបំផុត។
តាមរយៈវីដេអូនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ម៉ៃ ហុងស្រៀង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានសេចក្ដីត្រេកអរជាទន់ពេក ដែលលោក ស ឡុងដេត ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ ដែលលោកទទួលស្គាល់កំហុសដោយលោកបានរិះគន់លើការរៀបចំការប្រកួតកីឡាស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា»។
អតីតមន្ដ្រីជាន់ខ្ពស់គណបក្សភ្លើងទៀនដូចគ្នារូបនេះ បានគូសបញ្ជាក់ថា ការរិះគន់ដែលមិនត្រឹមត្រូវកន្លងមករបស់លោក ស ឡុងដេត បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់រាជរដ្ឋាភិបាល ពិសេសធ្វើឲ្យប៉ះពាល់កិត្យានុភាពរបស់ប្រទេសជាតិ ដែលផ្ទុយពីការយល់ឃើញរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និងផ្ទុយពីការមើលឃើញរបស់មតិអន្ដរជាតិ ដែលបានអបអរសាទរភាពជោគជ័យរបស់កម្ពុជា។
លោក ម៉ៃ ហុងស្រៀង បង្ហាញក្ដីរំពឹងថា លោក ស ឡុងដេត នឹងបន្ដសកម្មភាពនយោបាយមើលមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
ជាមួយគ្នានេះ លោក ម៉ៃ ហុងស្រៀង ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តផ្ដួចផ្ដើមគំនិតរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឲ្យគេបោះឆ្នោត»៕