(បាត់ដំបង)៖ គ្រាដែលការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ កាន់តែខិតជិតមកដល់ចរន្តនៃការផ្លាស់ប្តូរខោអាវ និងផ្លាស់ប្តូរបក្សកំពុងកើតមានយ៉ាងផុលផុសគួរឱ្យកត់សម្គាល់។ នៅឯស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ក៏ដូចជានៅតំបន់ដទៃផងដែរ ថ្នាក់ដឹកនាំ សកម្មជន ក៏ដូចជាអ្នកគាំទ្រគណបក្សភ្លើងទៀនរាប់រយនាក់ បានសម្រេចចិត្តផ្លាស់ប្តូរទ្រនំនយោបាយរបស់ខ្លួន ទៅកាន់បក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចដ៏រឹងមាំវិញ។
នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ថ្នាក់ដឹកនាំ សកម្មជន និង អ្នកគាំទ្រ របស់គណបក្សភ្លេីងទៀនទូទាំងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបងប្រមាណ ៧០០នាក់ បានប្រកាសចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ពិធីសំណេះសំណាល ក៏ដូចជាទទួលស្វាគមន៍ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្ររបស់គណបក្សភ្លេីងទៀន ត្រូវបានធ្វើឡើងក្រោមអធិបតី លោក យូ សិរីវុឌ្ឍ និងមានការអញ្ជើញចូលរួមពីលោក គង់ លីវ៉ា និង លោក កែវ ផុង ដែលជាជំនួយការសម្តេចតេជោ ហ៊ុន សែន។
ក្នុងពិធីនោះលោក យូ សិរីវឌ្ឍ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយភាពរីករាយជាទីបំផុតចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្ររបស់គណបក្សភ្លើងទៀន។ លោក យូ សិរីវុឌ្ឍ បានចាត់ទុកការសម្រេចរបស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីទទួលបានឱកាសជួយបម្រើជាតិមាតុភូមិ។
លោកបានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រមុខបក្សប្រជាជនកម្ពុជា មានបេះដូងពោរពេញដោយក្តីសណ្តោស ប្រកាន់ខ្ជាប់ធម៌អហិង្សា និងការបង្រួបបង្រួម ដូចនេះ សម្តេចតេជោតែងតែទទួលរាល់សមាជិកមកពីគណបក្សនយោបាយដទៃ ដែលចង់រួមរស់ជាមួយបក្សប្រជាជនកម្ពុជា។
ក្នុងជំនួបនោះ លោក យូ សិរីវុឌ្ឍ ក៏បានលើកបង្ហាញពីគុណតម្លៃ និងស្នាដៃធំនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។ លោក យូ សិរីវុឌ្ឍ បានអំពាវនាវដល់ថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្របក្សភ្លើងទៀន ធ្វើចលនាកៀរគរប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ហើយត្រូវបោះឆ្នោត ជូនបក្សប្រជាជនកម្ពុជា ដើម្បីជាតិបន្តរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមទៀត៕