(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មិនមានជំនឿថា អ៊ុយក្រែនអាចវាយយកទឹកដីរបស់ខ្លួនដែលរុស្ស៉ីបានកាន់កាប់មកវិញដោយសារកម្លាំងនោះទេ ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច ផ្តល់អាវុធឲ្យអ៊ុយក្រែនក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងឱកាសបន្តអញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
បើតាមប្រសាសន៍សម្តេចតេជោ អ៊ុយក្រែនមិនអាចវាយយកទឹកដីរបស់ខ្លួន ដែលរុស្ស៉ីបានកាន់កាប់មកវិញដោយសារកម្លាំងនោះទេ ជាពិសេសតំបន់គ្រីមៀ និងតំបន់ដុនបាស ដោយសារតែរុស្ស៉ីក៏មានកម្លាំង ហើយសង្គ្រាមមិនអាចបញ្ចប់ដោយសារសង្គ្រាមទេ ខណៈទីបំផុតអ្នកដែលស្លាប់គឺប្រជាជននៃប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ៊ុយក្រែនចាប់ផ្តើមវាយបកទៅលើរុស្ស៉ី ប៉ុន្តែខ្ញុំគ្មានជំនឿណាមួយថាអ៊ុយក្រែនអាចវាយយកទឹកដី ដែលរុស្ស៉ីកាន់កាប់នោះបានមកវិញ ដោយសារកម្លាំងតែប៉ុណ្ណឹងទេ។ ថ្ងៃមុន ពេលជួបប្រធានាធិបតីអ៊ុយក្រែន តាមវីដេអូ ក៏បានសួរទៅគាត់ថា តើឯកឧត្តមមានគម្រោងវាយយកទឹកដីត្រលប់មកវិញទេ? គាត់ឆ្លើយថាពិតជាមាន។ ខ្ញុំមិនបានលើកទឹកចិត្តឲ្យមានការវាយប្រហារទេ ខ្ញុំគ្រាន់តែនិយាយសម្តៅទៅគាត់ថា គួរតែរកវិធីសន្ទនា ដើម្បីដោះស្រាយ។ ឥលូវ មិនអាចនរណាទៅរេរាំងអ៊ុយក្រែន ទៅវាយរុស្ស៉ីនោះទេ ក៏ប៉ុន្តែខ្ញុំគ្មានជំនឿថា ប្រើប្រាស់សង្គ្រាមដើម្បីបញ្ចប់សង្គ្រាម ហើយដណ្តើមទឹកដី រុស្ស៉ីប្រគល់ទឹកដីដែលខ្លួនកាន់កាប់ឲ្យមកវិញទេ ជាពិសេសតំបន់គ្រីមៀ និងតំបន់ដុនបាស។ ខ្ញុំអត់មានជំនឿទេ ទោះបីលោកខាងលិច និងអាមេរិក ផ្តល់អាវុធឲ្យយ៉ាងណាក៏ដោយ ក៏ទៅមិនរួចដែរ ព្រោះទីនោះគេមានកម្លាំងវាយទៅវាយមក ទីចុងបំផុតអ្នកដែលស្លាប់គឺប្រជាជនរុស្ស៉ី និងអ៊ុយក្រែន»។
សូមជម្រាបថា យុទ្ធនាការវាយបក Counter-Offensive របស់អ៊ុយក្រែន ដែលបានចាប់ផ្តើមធ្វើក្នុងខែមិថុនា ឆ្នាំ២០២៣ ត្រូវគេរាយការណ៍ថា ដណ្តើមយកទឹកដីបានតិចតួចខ្លះបានមកវិញ ប៉ុន្តែក៏បានរងនឹងការខូចខាតអស់ជាច្រើនផងដែរ។ រុស្ស៊ីបានរៀបចំដាក់របាំងឧបសគ្គក្នុងការពង្រឹងទីតាំងយោធារបស់ខ្លួនរយៈពេលជាច្រើនខែ ដើម្បីការទប់ទល់នឹងយុទ្ធនាការវាយបក Counter-Offensive នេះ។ ទោះជាយ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍ពីអ៊ុយក្រែន គេបានរំដោះភូមិចំនួន៣ ខណៈរថពាសដែល ផលិតដោយប្រទេសអាល្លឺម៉ង់ និងពីសហរដ្ឋអាមេរិក ត្រូវបានអាវុធរុស្ស៊ីកម្ទេច និងបំផ្លាញអស់ជាច្រើនគ្រឿង។
ទឹកដីតិចតួច ត្រូវបានទាហានអ៊ុយក្រែនអះអាងការវាយដណ្តើមពីរុស្ស៊ីមកវិញ ក្នុងយុទ្ធនាការវាយបក Counter-Offensive ។ រុស្ស៊ីត្រូវបានគេរាយការណ៍ថា បានគ្រប់គ្រងទឹកដីភាគខាងកើត និងភាគខាងត្បូងរបស់អ៊ុយក្រែនប្រមាណ ២០ភាគរយ ហើយការវាយបកដណ្តើមយកទឹកដី ២០ភាគរយវិញពីរុស្ស៊ីនោះ ត្រូវបានក្រសួងការពារជាតិអ៊ុយក្រែនបញ្ជាក់ថា ទើបបានភូមិចំនួន៣ ខណៈអ៊ុយក្រែនក៏បានបាត់បង់សម្ភារៈយោធា ដែលជាជំនួយពីក្រុមប្រទេសលោកខាងលិចអស់ខ្លះផងដែរ។
មេដឹកនាំរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងថា អ៊ុយក្រែននៅមិនទាន់បានសម្រេចការគ្រប់គ្រង តំបន់ណាបានមួយចំអាមឡើយ៕