(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នំា២០២៣ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្រប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនខេត្តត្បូងឃ្មុំ បានអញ្ជើញសំណេះសំណាលជាមួយអតីតមន្ដ្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិម្នាក់ ដែលមានតួនាទីជាអតីតសមាជិកគណៈកម្មាធិការនាយក បូករួមជាមួយមនុស្សចំនួន ២នាក់ទៀត ជាអតីតក្រុមប្រឹក្សាបំរ៉ុងរបស់អតីតគណបក្ស សង្រ្គោះជាតិ និងអតីតប្រតិបត្តិគណបក្សកម្ពុជានិយម ដែលបានប្រកាស សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា លោក ស៊ីម សុវណ្ណនី ហៅ ស៊ីម វ៉ាន់នី ដែលជាអតីតសមាជិកគណៈកម្មាធិការនាយក របស់អតីតគណបក្សសង្រ្គោះជាតិ លេខរៀងទី៤៤ ក្នុងបញ្ជី ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូលនោះ ទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញហើយ នេះបើតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា «ការដែលបងប្អូនស្ម័គ្រចិត្ត ចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺបងប្អូនគិតបានត្រឹមត្រូវហើយ ព្រោះថា គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានរំដោះ ប្រទេសជាតិ ចេញពីការកាប់សម្លាប់នោះទេ គឺបានធ្វើការអភិវឌ្ឍប្រទេសជាតិមួយនេះ ឲ្យមានការអភិវឌ្ឍរីកចម្រើន រហូតដល់សព្វថ្ងៃនេះ»។
ជាមួយគ្នានេះ លោក ស៊ីម សុវណ្ណនី បានគូសបញ្ជាក់ថា មូលហេតុដែលសុំចូលរួមជីវភាពនយោបបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញថា «មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលរក្សា បាននូវសុខសន្តិភាព ស្ថេរភាពក្នុងសង្គម ការបង្រួបបង្រួបជាតិ និងការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនរុងរឿងលើគ្រប់វិស័យ ហើយក៏បានសូមអំពាវនាវដល់សមាជិក សមាជិកាគណបក្សភ្លើងទៀន សូមឱ្យងាកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»៕