(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសុខាភិបាល បានថ្លែងអំណរគុណដល់សាធារណរដ្ឋឆែក ដែលបានសហការគាំទ្រវិស័យសុខាភិបាលកម្ពុជា ជាពិសេសមន្ទីរពេទ្យកុមារជាតិ ជាក់ស្តែងក្នុងអំឡុងដែលកម្ពុជា និងពិភពលោកបានរងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ សាធារណរដ្ឋឆែក បានផ្តល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យមួយចំនួន ដល់មន្ទីរពេទ្យកុមារជាតិ ក្នុងការទប់ស្កាត់ ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។
ការថ្លែងដូច្នេះរបស់លោកស្រីរដ្ឋលេខាធិការប្រចាំការ ក្នុងពិធីតាំងពិពណ៌បរិក្ខារវេជ្ជសាស្ត្ររបស់សាធារណរដ្ឋឆែក ផ្តល់ជូនក្រសួងសុខាភិបាល ក្រោមកិច្ចសហប្រតិបត្តិការ រវាងមន្ទីរពេទ្យកុមារជាតិនៃក្រសួងសុខាភិបាល ជាមួយ មូលនិធិ Vita et Futura និងសមាគមរោងចក្រផលិតបរិក្ខារវេជ្ជសាស្ត្រ នៃសាធារណរដ្ឋឆែក នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នំា២០២៣ ដែលមានការអញ្ជើញចូលរួមពី លោក ជីរី កូហ្សាក (H.E. Jiří Kozák) នាយករងខុទ្ទកាល័យក្រសួងការបទេស នៃសាធារណរដ្ឋឆែក និងលោក ម៉ាទីន វ៉ាវរ៉ា (H.E. Martin Vávra) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា។
ក្នុងឱកាសនោះលោកស្រីរដ្ឋលេខាធិការប្រចាំការ បានគូសរំលេចពីចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏យូរអង្វែង ជាពិសេសក្នុងអំឡុងទសវត្សរ៍ទី៨០ ហើយបច្ចុប្បន្ន ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី ជាក់ស្តែងការពង្រឹងសមត្ថភាពមន្រ្តីសុខាភិបាល ក៏ដូចជាការពង្រឹងសមត្ថភាពមន្ទីរពេទ្យ និងការផ្តល់ជំនួយបរិក្ខារវេជ្ជសាស្រ្តនាថ្ងៃនេះ ចូលរួមវិភាគទានលើកកម្ពស់ការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងដោយសមធម៌នៅកម្ពុជា និងជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាពរបស់ប្រទេសទាំងពីរ នៅក្នុងកាលៈទេសៈ ដែលពិភពលោកទាំងមូល កំពុងជួបនឹងបញ្ហាប្រឈម ដែលមិនធ្លាប់មានពីមុនមក។
លោកស្រីរដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវអំណរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៧ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា-សាធារណរដ្ឋឆែក ដែលសបញ្ជាក់ពីទំនាក់ទំនងល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរីកចម្រើន រឹងមាំ នាំមកនូវភាពសុខដុម និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ជានិរន្តរ៍ដល់ប្រជាជននៃប្រទេសទាំងពីរ ដែលនឹងរួមចំណែកផងដែរដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងពិភពលោកទាំងមូល។
លោកស្រីរដ្ឋលេខាធិការប្រចាំការ ក៏បានគូសបញ្ជាក់ថា សមិទ្ធផលដ៏ធំធេងទាំងនេះ កើតចេញពីការដឹកនាំប្រកបដោយស្មារតីបុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាកំណើនសេដ្ឋកិច្ច កំណើននិងលំនឹងជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់និងអន្តរជាតិ តាមរយៈនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់។
ជាមួយគ្នានោះលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្ដិ ក៏បានរំលឹកអំពីការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលកន្លងដែលកម្ពុជាត្រូវបានពិភពលោក ប្រសិទ្ធនាមថា «កម្ពុជាជាប្រទេសតូចមានបេះដូងធំទូលាយ» ដោយបានគ្រប់គ្រង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដោយជោគជ័យ គឺពិតជាមានមោទនៈភាព ចំពោះការខិតខំប្រឹងប្រែងដ៏អស្ចារ្យរបស់សង្គមជាតិទាំងមូល ដែលសមិទ្ធផលគួរឱ្យកត់សម្គាល់នេះកើតឡើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងការចង្អុលបង្ហាញផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា តាមរយៈការប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុបរបស់ជាតិ នោះគឺការបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ជាយន្តការដឹកនាំ និងគាំទ្រដោយគណៈកម្មការ ចំនួន ៤ រួមមាន៖
១៖ គណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ គ្រប់គ្រងអនុគណៈកម្មការចំណុះចំនួន១១
២៖ គណៈកម្មការចំពោះកិច្ចទទួលបន្ទុកលទ្ធកម្មវ៉ាក់សាំងកូវីដ-១៩
៣៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និង
៤៖ ២៥ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជធានី-ខេត្ត។
លើសពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តចំនួន ៦ គឺបន្តទប់ស្កាត់ការនាំចូលវីរុសបំប្លែងថ្មី, កាត់បន្ថយទំហំដែលឆ្លង និងតំបន់ដែលឆ្លង, ខិតខំរកវិធីព្យាបាលឱ្យឆាប់ជា, ការរុករក និងគ្រប់គ្រង, ការចាត់ចែង និងគ្រប់គ្រងសាកសព និងយុទ្ធនាការ ចាក់វ៉ាក់សាំងតាមអភិក្រមផ្ការីក ដែលអាចកម្ពុជាបើកដំណើរការប្រទេសឡើងវិញទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
មេរៀនបទពិសោធន៍ទាំងអស់នេះ អាចឱ្យយើងយកឈ្នះលើសមរភូមិកូវីដ-១៩ តែរាជរដ្ឋាភិបាលនៅតែបន្តតាមដានដោយយកចិត្តទុកដាក់ ព្រោះសង្គ្រាមកូវីដ-១៩ មិនទាន់ចប់នៅឡើយ។
ទន្ទឹមនឹងនោះ លោកនាយករងខុទ្ទកាល័យ នៃក្រសួងការបទេសសាធារណរដ្ឋឆែក បានសម្តែងនូវការកោតសរសើរចំពោះ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈរលើគ្រប់វិស័យ នៅកម្ពុជា រួមទាំងវិស័យសុខាភិបាល ជាពិសេសការគ្រប់គ្រងបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល រវាងប្រទេសទាំងពីរបន្ថែមទៀត៕