(បាត់ដំបង)៖ ក្រោយពេលអស់ចិត្ត និងលែងមានជំនឿចិត្តលើជោគវាសនារបស់បក្សភ្លើងទៀននោះ ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគាំទ្ររបស់គណបក្សភ្លើងទៀនសរុប ៣៦០នាក់ នៅស្រុកកំរៀង ខេត្តបាត់ដំបង បានសម្រេចចិត្តដើរចេញពីបក្សភ្លើងទៀន ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីទទួលស្វាគមន៍ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគាំទ្ររបស់គណបក្សភ្លើងទៀនខាងលើ បានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក កែវ ផុង និងលោក គង់ លីវ៉ា ជំនួយការសម្តេចតេជោ ព្រមទាំងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជាក្នុងស្រុកកំរៀង ខេត្តបាត់ដំបងផងដែរ។
នៅក្នុងពិធីនោះ លោក យូ សិរីវុឌ្ឍ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយពីសំណាក់ថ្នាក់ដឹកនាំ សកម្មជន ក៏ដូចជាសមាជិកគណបក្សភ្លើងទៀន។ លោក យូ សិរីវុឌ្ឍ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានបេះដូងយ៉ាងទូលំទូលាយ ហើយតែងតែទទួលស្វាគមន៍រាល់សមាជិកមកពីបក្សដទៃមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំង ដើម្បីបម្រើជាតិ និងប្រជាជន។ ជាពិសេសកសាងសង្គមមួយឱ្យរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍។
ជាមួយនឹងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅនោះ លោក យូ សិរីវុឌ្ឍ បានណែនាំឱ្យ សមាជិកបក្សថ្មីទាំងនោះ ឱ្យចុះធ្វើសកម្មភាពពន្យល់ណែនាំប្រជាពលរដ្ឋពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិមាតុភូមិ។ ជាពិសេសនយោបាយដឹកនាំ របស់សម្តេចតេជោ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំភាពរីកចម្រើនដូចពេលបច្ចុប្បន្ន។
បន្ថែមពីលើត្រូវចុះណែនាំប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា កម្ពុជាបន្តរស់ក្នុងសុខសន្តិភាព ឈានឆ្ពោះទៅជាប្រទេសរីកចម្រើន។
ថ្នាក់ដឹកនាំ សកម្មជន និងសមាជិកគាំទ្របក្សភ្លើងទៀន ដែលបានចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជានាពេលនោះ បានសន្យាស្ម័គ្រស្មោះ ហើយប្រឹងប្រែងធ្វើសកម្មភាពជាមួយបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមបាននូវប្រជាប្រិយភាព និងប្រៀបឈ្នះក្នុងព្រឹត្តិការណ៍បោះឆ្នោតនាពេលខាងមុខ។
ពួកគេបានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាចិត្តគាំទ្រមុតមាំចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន៕