(កំពង់ចាម)៖ សកម្មជនគណបក្សភ្លេីងទៀនចំនួន៥នាក់ ដែលរស់នៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម បាននាំគ្នាទម្លាក់ស្លាកគណបក្សភ្លើងទៀនចេញពីមុខផ្ទះរបស់ខ្លួន ព្រោះតែអស់ភាពជឿជាក់ទៅនឹងការដឹកនាំរបស់បក្ស ដែលបានលង់ជឿអស់ជាច្រើនឆ្នាំ។
សកម្មភាពទម្លាក់ស្លាកបក្សភ្លើងទៀនចេញពីមុខផ្ទះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ លោក ញ៉ិល សុឡេង អាយុ ៤៧ឆ្នាំ និងភរិយាឈ្មោះ ឈន ស្រស់ អាយុ ៤៣ឆ្នាំ ព្រមទាំងសកម្មជនបក្សភ្លើងទៀន៣នាក់ផ្សេងទៀត រួមមាន លោក ឆន ឆេត អាយុ ៤៧ឆ្នាំ និងភរិយាឈ្មោះ វ៉ន់ ច្រឹប និងលោកស្រី វ៉ន់ រ៉ន អាយុ ៥៩ឆ្នាំ រស់នៅក្នុងភូមិរវៀង ឃុំខ្នុរដំបង ស្រុកជេីងព្រៃ ខេត្តកំពង់ចាម គឺជាសកម្មជនគណបក្សភ្លេីងទៀនដ៏សកម្មក្នុងភូមិ ហើយតែងធ្វើសកម្មភាពជាច្រើនបម្រើដល់បក្សមួយនេះ។
លោក ញ៉ិល សុឡេង រួមនឹងសកម្មជនដទៃទៀតបានបញ្ជាក់ថា ការសម្រេចទម្លាក់ស្លាកគណបក្សភ្លើងទៀន ចេញពីមុខផ្ទះ ដោយសារតែពួកគាត់អស់ជំនឿលើការដឹកនាំរបស់ លោក សម រង្សី ព្រមទាំងបានប្រកាសផ្ដាច់ខ្លួនចេញពីគណបក្សភ្លើងទៀន មករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
សកម្មជនដ៏សកម្មរបស់គណបក្សភ្លើងទៀន ដែលសម្រេចមកចូលរួមជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផលដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលគណបក្សតែមួយគត់ដែលមានភាពរឹងមាំ និងចាស់ទុំផ្នែកនយោបាយជាងគេ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូរណ៌ ព្រមទាំងបានអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។
បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀននៅតែបន្តនយោបាយប្រជាភិថុតិ ដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ៕