(បន្ទាយមានជ័យ)៖ អតីតសមាជិកគណបក្សភ្លើងទៀន និងគណបក្សប្រឆាំងផ្សេងៗទៀត ចំនួន២៤៩នាក់ នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ក្រោយស្នើសុំចូលរួមជីវភាពនយោបាយហើយនោះ អតីតសមាជិកគណបក្សប្រឆាំងទាំងអស់នោះ ត្រូវបានប្រកាសបញ្ជូលជាសមាជិកគណបក្សប្រជាជនកម្ពុជាជាផ្លូវការ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព លោក អ៊ុ រាត្រី ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។
អតីតសមាជិកគណបក្សប្រឆាំង ទាំង២៤៩នាក់នោះ រួមមាន៖ គណបក្សភ្លើងទៀន ចំនួន៧២នាក់, គណបក្សរួបរួមជាតិ ចំនួន៩៧នាក់ និងគណបក្សខ្មែរស្រលាញ់ជាតិ ចំនួន៤៩នាក់។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុ រាត្រី បានលើកឡើងថា អតីតសមាជិកគណបក្សប្រឆាំង ដែលបានមកចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ លោកបានចាត់ទុកការសម្រេចចិត្ត របស់ពួកគេ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីរួមគ្នាកសាង និងអភិវ្ឍន៍ប្រទេសជាតិ ជាមួយគណបក្សប្រជាជន និងរាជរដ្ឋាភិបាល។ លោកបានបន្ថែមទៀតថា ការបោះឆ្នោតមានគណបក្សជាច្រើនបានចូលរួម ប៉ុន្តែគណបក្សប្រជាជននៅតែជាតួអង្គដ៏សំខាន់ ដែលអាចធានាបានសុខសន្តិភាពយូរអង្វែងសម្រាប់ប្រជាជន៕