(កំពង់ចាម)៖ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានអញ្ជើញប្រកាសបញ្ចូលសមាជិកសមាជិកាថ្មី ចំនួន ១,៤០៩ នាក់ ក្នុងនោះមួយចំនួន មកពីគណបក្សនយោបាយនានា ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
វិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំសួនក្រញូង ស្ថិតក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
លោក លី សុវណ្ណ ប្រធានគណៈកម្មាធិការបក្សក្រុងកំពង់ចាម បានឲ្យដឹងថា សមាជិកទើបនឹងបញ្ចូលថ្មីចំនួន ១,៤០៨ នាក់ ក្នុងនោះ មកពីសង្កាត់បឹងកុក ២៤៤នាក់ មកពីសង្កាត់កំពង់ចាម ១៤៦នាក់ មកពីសង្កាត់សំបួរមាស ៦១៥នាក់ មកពីសង្កាត់វាលវង់ ៣០៨នាក់ និងមកពីគណបក្សនយោបាយនានា ចំនួន ១០៦នាក់។
លោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា សមាជិក សមាជិកា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នាពេលនេះ គឺភាគច្រើនជាយុវជន ដែលគ្រប់អាយុអាចទៅបោះឆ្នោតបាន និងជាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោតផងដែរ។
លោក អ៊ុន ចាន់ដា បានបញ្ចាក់ថា ការចូលជាសមាជិក នៃមហាគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មិនថាមកពីគណបក្សនយោបាយណានោះទេ ពោលគឺអ្នកដែលគាំទ្រ បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា បានន័យថា ចង់ឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេស និងនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ នាំមកនូវការរីកចម្រើនសមិទ្ធផលនានា និងធ្វើឲ្យជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង៕