(ព្រះសីហនុ)៖ លោក វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក គួច ចំរើន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងលោកស្រី បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទ សិស្សានុសិស្ស ប្រារព្ធព្រះរាជពិធីចម្រើនព្រះជន្មគម្រប់៨៧ យាងចូល៨៨ព្រះវស្សា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។
សមាជិកសមាជិកានៃគណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានក្រាបបង្គំទូលថ្វាយព្រះរាជសព្ទសាធុការ សិរីសួស្ដី ជ័យមង្គលបវរមហាប្រសើរ ដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងស្វាមីភក្តិដ៏ជ្រាលជ្រៅបំផុត។ ពួកគេមានមោទនភាពណាស់ និងមហាកិត្តិយសដ៏ក្រៃលែង ដែលសម្តេចព្រះមហាក្សត្រីទ្រង់គង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា ញ៉ាំងឱ្យកិត្តិនាមស្ថាប័នមនុស្សធម៌មួយនេះត្រូវបានលើកកម្ពស់បង្កើតបាននូវទំនុកចិត្ត និងការចូលរួមយ៉ាងខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ។
ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានសម្ដែងនូវការចងចាំនូវព្រះរាជសកម្មភាពបម្រើបុព្វហេតុសង្គហធម៌ មនុស្សធម៌ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំនៃអង្គសម្តេចឪជាទីគោរពសក្ការៈ ស្ថិតនៅជាអមតៈក្នុងក្រអៅបេះដូង និងជាព្រះរាជគំរូដ៏ថ្លៃថ្លាសម្រាប់មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
ឆ្លៀតក្នុងពិធីចម្រើនព្រះជន្មគម្រប់៨៧យាងចូល៨៨ព្រះវស្សានេះ ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ អភិបាលខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពុទ្ធបរិស័ទ សិស្សានុសិស្ស បានបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រត្រីយានីគ្រប់ព្រះអង្គ ព្រមទាំងព្រះបរមរតនកោដ្ឋ មេត្តាប្រោសប្រទានព្រះពរជ័យមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។
នាឱកាសនោះ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យប្រគេនជូនក្នុងមួយវត្ត រួមមាន៖ អង្ករ២៥០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកបរិសុទ្ធ១០កេស ទឹកផ្លែឈើ ១កន្ត្រក សាដក១ និងបច្ច័យចំនួន ១.០០០.០០០រៀល ព្រះចៅអធិការវត្ត ៧អង្គមួយអង្គបានប្រគេន៖ បច្ច័យចំនួន ២០០.០០០រៀល និងព្រះសង្ឃចំនួន ២៥អង្គ ក្នុងមួយអង្គបានប្រគេននូវ៖ សាដក១ និងបច្ច័យចំនួន ១០០.០០០រៀល ចំណែកយាយជី តាជី ចំនួន ២០នាក់ ក្នុងមួយនាក់បានទទួល៖ ក្រណាត់សរ១ដុំ និងថវិកាចំនួន ៥០.០០០រៀល និងចូលរួមថវិការ១ម៉ឺនដុល្លា ដើម្បីកសាងរូបសំណាក់ព្រះអង្គពោធិសត្វ មានទទឹង១២ម៉ែត្រ កម្ពស់២០ម៉ែត្រ ចាប់ផ្តើមកសាងក្នុងឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅក្នុងឆ្នាំ២០២៤ខាងមុខ ចំណាយថវិការកសាងជាង៤០ម៉ឺនដុល្លា៕