(បារាំង)៖ យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ប្រភេទ Airbus A320 ជើងហោះហើរ 4U9525 បានធ្វើដំណើរពីទីក្រុង Barcelona ប្រទេស អេស្ប៉ាញ ទៅកាន់ ទីក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់។ យន្តហោះនេះបានដឹកអ្នកដំណើរ១៤៤នាក់ ក្នុងនោះមានទារកពីរនាក់ និង សហសេវិកចំនួន៦នាក់ បានធ្លាក់នៅក្បែរសង្កាត់ Digne-les-Bains, ក្នុងតំបន់ Alpes de Haute Provence ភាគខាងត្បូងប្រទេស បារាំង ដែលជាតំបន់ដាច់ស្រយាលមួយ កំពុងប្រឈមមុខនឹងការធ្លាក់ព្រិលថែមទៀតផង នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥។
ហេតុការណ៍ធ្លាក់យន្តហោះនេះ បានកើតឡើងកាលពីវេលាម៉ោង ប្រមាណ១១៖២០នាទីព្រឹក(ម៉ោងក្នុងតំបន់)នៅថ្ងៃអង្គារ៍នេះ បន្ទាប់ពីយន្តហោះចេញដំណើរពី ព្រលានយន្តហោះ Barcelona នៅវេលាម៉ោង ១០៖០១នាទីព្រឹក (ម៉ោងក្នុងតំបន់)។
ជាមួយគ្នានេះដែរ លោក Thomas Winkelmann CEO នៃក្រុមហ៊ុនអាកាសចរណ៍ Germanwing បានឲ្យដឹងថា យន្តហោះបានបាត់ទំនាក់ទំនងពីប្រព័ន្ធរ៉ាដានៅវេលាម៉ោងប្រមាណ១០៖៥៣នាទីព្រឹក។ ចំណែកអ្នកបើកបរយន្តហោះធ្លាប់មានបទពិសោធន៍ហោះហើរជាង១០ឆ្នាំ និងធ្លាប់បើកយន្តហោះប្រភេទ Airbus នេះអស់រយៈពេល៦០០០ម៉ោង។
អាជ្ញាធរបារាំងបានបញ្ជាក់ថា យន្តហោះបានធ្លាក់នៅតំបន់ដែលមានព្រិលធ្លាក់យ៉ាងក្រាស និងអាកាសធាតុត្រជាក់បំផុត ដែលនេះជាបញ្ហាមួយបង្កការស្មុគស្មាញ និងការលំបាកយ៉ាងខ្លាំងក្នុងកិច្ចការស្រាវជ្រាវ និងជួយសង្គ្រោះ។
ក្រុមហ៊ុនផលិតយន្តហោះ Airbus បានថ្លែងថា នឹងបញ្ជូនក្រុមបច្ចេកទេសជំនាញ ជាទីប្រឹក្សាជួយដល់ ក្រុមស៉ើបអង្កេតរបស់បារាំង ដើម្បីរកមូលហេតុនៃការធ្លាក់។
រហូតមកទល់ពេលនេះ មិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់នៅឡើយទេ ទាក់ទិននឹងមូលហេតុនៃការធ្លាក់យន្តហោះ ប៉ុន្តែអ្វីដែលអាចដឹងបាននោះគឺ មិនមានអ្នកណាម្នាក់នៅរស់នោះទេ។ នេះជាការលើកឡើងរបស់លោក Francois Hollande ប្រធានាធិបតីប្រទេស បារាំង។ លោកប្រធានាធិបតីបានបញ្ជាក់បន្ថែមថា ក្រុមសង្គ្រោះបន្ទាន់ត្រូវការរយៈពេលជាច្រើនម៉ោង ដើម្បីធ្វើដំណើរទៅកាន់កន្លែង កើតហេតុដែលជាតំបន់ដាច់ស្រយាលនេះ។
ចំណែកព្រះរាជារបស់ប្រទេសអេស្ប៉ាញបានលើកឡើងថា អ្នកដំណើរភាគច្រើនជាជនជាតិអេស្ប៉ាញ (៤៥នាក់) អាឡឺម៉ង់ និងតួកគី។ ដោយឡែកលោក Mariano Rajoy នាយករដ្ឋមន្ត្រីប្រទេស អេស្ប៉ាញបានបញ្ជាក់ថា លោកនឹងវិលត្រឡប់ទៅកាន់ទីក្រុង Madrid វិញដើម្បីបញ្ជូនកម្លាំងសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសបារាំង។
ដោយឡែក លោកស្រីអធិការបតី Angela Merkel បានលើកឡើងថា លោកស្រីគ្រោងនឹងធ្វើដំណើរទៅប្រទេសបារាំង នៅថ្ងៃពុធខាងមុខ។ មេដឹកនាំប្រទេសអាឡឺម៉ង់រូបនេះបានបញ្ជាក់ថា លោកស្រីបានរក្សាទំនាក់ទំនងជាប់ជានិច្ចជាមួយប្រធានាធិបតីបារាំង និងអេស្ប៉ាញដោយព្រមព្រៀង ក្នុងការជួយគ្នាទៅវិញទៅមក ក្នុងគ្រប់រូបភាពទាំងអស់ ដើម្បីឆ្លើយតបហេតុការណ៍សោកនាដកម្មនេះ៕