(កំពត)៖ «សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នាដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ ចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ កម្ពុជាដែលបានរៀបចំទៀងទាត់នូវដំណើរការបោះឆ្នោតដែលជាមធ្យោបាយប្រជាធិបតេយ្យតែមួយគត់ក្នុងការដឹកនាំប្រទេស»។ នេះជាការថ្លែងរបស់លោក នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំក្រុមការងារគណបក្ស និងសមាជិកគណៈកម្មាធិការបក្សក្រុងបូកគោនិងសង្កាត់ព្រែកត្នោត ចុះតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមទៅបោះឆ្នោត និងករណីមានការបាត់បងឯកសារបញ្ជាក់អត្តសញ្ញាណដោយប្រការណាមួយ, សូមបងប្អូនអញ្ជើញទំនាក់ទំនងជាមួយរដ្ឋបាលឃុំសង្កាត់របស់បងប្អូនដើម្បីធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ។ លោក នេត្រ ភក្ត្រា បានលើកឡើងថាការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតពិតជាមានសារៈសំខាន់ និងប្រើប្រាស់សិទ្ធិដែលខ្លួនមានក្នុងការជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់។

លោក បានលើកឡើងថារហូតមកដល់ពេលនេះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលបានរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេស និងបានដើរតួនាទីស្នូលក្នុងការបញ្ចប់សង្គ្រាម នាំយកសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍជូនជាតិនិងប្រជាជនកម្ពុជា។

លោកអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានលើកឡើងថាប្រជាជនជាគោលដៅនៃនយោបាយនិងសកម្មភាពរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈ។ បុព្វហេតុរបស់ប្រជាជនជាបុព្វហេតុរបស់គណបក្ស, ទុក្ខលំបាករបស់ប្រជាជនជាភារកិច្ចរបស់គណបក្ស ហើយសេចក្តីសុខរបស់ប្រជាជនជាជោគជ័យរបស់គណបក្ស។ គោលដៅយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា៖ ការពារសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការពាររាល់សមិទ្ធផលនៃសង្គមជាតិឱ្យបានគង់វង្សស្ថិតស្ថេរ, កសាងព្រះរាជាណាចក្រកម្ពុជាជារដ្ឋប្រជាធិបតេយ្យសេរី ពហុបក្សដ៏ជឿនលឿន និងរឹងមាំដែលផ្អែកលើច្បាប់ មានសេដ្ឋកិច្ចរីកចម្រើនប្រកបដោយចីរភាពនិងសមធម៌ ប្រជាជនមានជីវភាពសម្បូណ៌សប្បាយ បានរស់នៅយ៉ាងសុខដុមរមនាប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងមានការគោរពសិទ្ធិមនុស្ស។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា ក៏បានជួបប្រជុំជាមួយសមាជិកក្រុមការងារនិងសមាជិកបក្សសង្កាត់ព្រែកត្នោត ក្រុងបូកគោ ដើម្បីពិនិត្យលើវឌ្ឍនភាពផែនការត្រៀមឆ្ពោះទៅការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ សម្រាប់សង្កាត់ព្រែកត្នោត។

លោកបានថ្លែងកោតសរសេរ និងលើកទឹកចិត្តសមាជិកសមាជិកាបក្សបន្តកិច្ចខិតខំប្រឹងប្រែង ឲ្យកាន់តែខ្លាំងថែមទៀត ក្នុងការបម្រើប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈព្រោះអំពើល្អ ដែលគណបក្សប្រជាជនកម្ពុជា ជាពិសេសការលះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សជា​ ពិសេសការយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សផ្សេងទៀត រួមនឹងការបញ្ចប់សង្គ្រាមស៊ីវិល នាំយកសុខសន្តិភាពពេញលេញ ការដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវនិងជាក់ស្តែង មានភាពចាស់ទុំនយោបាយ ពុះពារគ្រប់ឧបសគ្គ រស់នៅជាមួយប្រជាពលរដ្ឋ បម្រើបុព្វហេតុជាតិនិងប្រជាជនពិតប្រាកដ គឺជាមូលដ្ឋាននៃការផ្តល់ជំនឿទុកចិត្ត ការជឿជាក់ ការគោរពស្រឡាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំបក្ស។

លោក នេត្រ ភក្ត្រា​ បានគូសបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមនឹងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ និងតែងតែនៅជាប់នឹងប្រជាជនជានិច្ចគ្រប់ពេលវេលាទាំងអស់។ លោកអនុប្រធានក្រុមការងារបានស្នើសុំបងប្អូនប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពបន្តដឹកនាំប្រទេសថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេស និងបម្រើបងប្អូនប្រជាពលរដ្ឋបន្តទៀត៕