(ត្បូងឃ្មុំ)៖ សមាភាពថ្នាក់ដឹកនាំគណបក្សភ្លើងទៀនប្រចាំឃុំទន្លេបិទ ខេត្តត្បូងឃ្មុំ បានសម្រេចចិត្តដោះសម្លៀកបំពាក់ មួក និងទម្លាក់ស្លាករបស់គណបក្សភ្លើងទៀនចោល នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដោយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
ក្រោយយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្ស សម រង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ, អតីតសកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន សរុចំនួន៦នាក់ នៅភូមិអន្លង់ពោង ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក អ៊ុក ឡេង អាយុ៦៦ឆ្នាំ ជាអតីតបេក្ខជនឈរឈ្មោះក្រុមប្រឹក្សា ឃុំ-សង្កាត់ បាននាំគ្នាដោះអាវនិងមួកគណបក្សរួមទាំងផ្តួលរំលំស្លាកគណបក្សភ្លើងទៀនចេញហើយថែមទាំងសម្រេចចិត្ត ចាកចេញពីគណបក្សភ្លើងទៀន ចាប់ពីថ្ងៃនេះ និងស្ម័គ្រចិត្តចូលរួមក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោក អ៊ុក ឡេង បានអះអាងថា លោកបម្រើការនយោបាយឲ្យបក្សប្រឆាំងអស់រយៈពេលយូរមកហើយ។ លោកបញ្ជាក់ថា «ខ្ញុំឆ្អែតនឹងសំដីភូតភររបស់មេដឹកនាំបក្សប្រឆាំងដែលសន្យាបានតែមាត់ខណៈដែលខ្លួន មិនអាចចូលស្រុកបានផង តែងតែបង្ករភាពអាណាធិបតេយ្យក្នុងសង្គម ធ្វើអោយសង្គមខ្មែរបែកបាក់ អំពាវនាវអោយបរទេសកាត់ផ្តាច់ជំនួយមកកម្ពុជាទៀតផង»។
អតីតសកម្មជន និងអ្នកគាំទ្រគណបក្សភ្លើងទៀន ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូប ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕