(កណ្ដាល)៖ ក្រោយពេលអស់ចិត្ត និងលែងមានជំនឿចិត្តលើជោគវាសនារបស់គណបក្សចាស់របស់ខ្លួន លោក ទឹន ទ្រី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ស្រុកខ្សាច់កណ្ដាល និងសកម្មជន សមាជិកគាំទ្រគណបក្សភ្លើងទៀន ចំនួន៤៥នាក់ បានសម្រេចចិត្តដើរចេញពីបក្សចាស់របស់ខ្លួន ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីទទួលស្វាគមន៍ក្រុមការងារកសាងសមាជិកគណបក្សក្នុងជួរកម្មករ និយោជិក ក្នុងខេត្តកណ្តាល បានធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក យូ សិរីវុឌ្ឍ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីលោក ភឺន ផល្លា, លោក គង់ លីវ៉ា និងលោក ហ៊ុន កុសល។
នៅក្នុងពិធីនោះ លោក យូ សិរីវុឌ្ឍ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះការសម្រេចចិត្តចូលរួមជីវភាពនយោបាយពីសំណាក់ថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ សកម្មជន ក៏ដូចជាសមាជិកគណបក្សភ្លើងទៀន។ លោក យូ សិរីវុឌ្ឍ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានបេះដូងយ៉ាងទូលំទូលាយ ហើយតែងតែទទួលស្វាគមន៍រាល់សមាជិកមកពីបក្សដទៃមករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាជាកម្លាំង ដើម្បីបម្រើជាតិ និងប្រជាជន។ ជាពិសេសកសាងសង្គមមួយឱ្យរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។
ជាមួយនឹងការស្វាគមន៍ប្រកបដោយភាពកក់ក្តៅនោះ លោក យូ សិរីវុឌ្ឍ បានណែនាំឱ្យ សមាជិកបក្សថ្មីទាំងនោះ ឱ្យចុះធ្វើសកម្មភាពពន្យល់ណែនាំប្រជាពលរដ្ឋពីគុណតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិមាតុភូមិ។ ជាពិសេសនយោបាយដឹកនាំ របស់សម្តេចតេជោ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំភាពរីកចម្រើនដូចពេលបច្ចុប្បន្ន។
បន្ថែមពីលើត្រូវចុះណែនាំប្រជាពលរដ្ឋឱ្យទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ដើម្បីធានាបានថា កម្ពុជាបន្តរស់ក្នុងសុខសន្តិភាព ឈានឆ្ពោះទៅជាប្រទេសរីកចម្រើន។
ថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ សកម្មជន និងសមាជិកគាំទ្របក្សភ្លើងទៀន ដែលបានចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជានាពេលនោះ បានសន្យាស្ម័គ្រស្មោះ ហើយប្រឹងប្រែងធ្វើសកម្មភាពជាមួយបក្សប្រជាជនកម្ពុជា ដើម្បីដណ្តើមបាននូវប្រជាប្រិយភាព និងប្រៀបឈ្នះក្នុងព្រឹត្តិការណ៍បោះឆ្នោតនាពេលខាងមុខ។
ពួកគេបានបង្ហាញការពេញចិត្តចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ហើយប្តេជ្ញាចិត្តគាំទ្រមុតមាំចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន៕