(ព្រះវិហារ)៖ លោក ជា រុំ អតីតអនុប្រធានទី១ នៃអតីតគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះវិហារ បានគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ដែលស្វែករកសុខសន្ដិភាព និងបន្ដការអភិវឌ្ឍប្រទេសកាន់តែមានការរីកចម្រើនជាបន្ដបន្ទាប់។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ លោក ជា រុំ ក៏បានបង្ហាញនូវការសោកស្ដាយចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្ដសុខ ដោយសារតែការជឿលង់តាមអ្វីដែលជាការញុះញង់របស់អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិនាពេលកន្លងមក។
លោកបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់អតីតគណបក្សសង្គ្រោះជាតិ មិនត្រឹមតែមិនបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនោះទេ ផ្ទុយទៅវិញ មានតែការដណ្ដើមអំណាចគ្នានៅក្នុងគណបក្សតែប៉ុណ្ណោះ និងញុះញង់ឲ្យប្រឆាំងរាជរដ្ឋាភិបាល។
ដោយមើលឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះហើយ ទើបធ្វើឲ្យលោកសម្រេចចិត្តលាលែងពីតួនាទីអនុប្រធានទី១ អតីតគណបក្សសង្គ្រោះជាតិខេត្តព្រះវិហារ ងាកមកស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដើម្បីមានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស និងបម្រើប្រជាពលរដ្ឋ។
លោក ជា រុំ ក៏បានប្រកាសពីការគាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគាំទ្រនូវការធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោត ក៏ដូចជាគាំទ្របេក្ខភាពលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រីនាពេលអនាគត។
បន្ថែមពីនេះ លោកក៏បានអំពាវនាវដល់សកម្មជនផ្សេងទៀត ដែលកំពុងជឿលង់តាមការញុះញង់របស់គណបក្សប្រឆាំង សូមងាកមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបញ្ចេញសមត្ថភាព និងចំណេះជំនាញដែលខ្លួនមានចូលរួមអភិវឌ្ឍន៍ ខណៈការបន្ដនៅជាមួយគណបក្សប្រឆាំង គ្មានឱកាសបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិនោះទេ៕