(កំពង់ចាម)៖ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា នាថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអតីតសកម្មជនគណបក្សប្រឆាំងមកពីឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ៧១នាក់។
បណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពីលោកបណ្ឌិត ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។
លោកបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់សមាជិក សមាជិកាគណបក្សទាំងអស់ដែលមានវត្តមានក្នុងអង្គពិធី អំពីសារសំខាន់នៃការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ រក្សានូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិ។ រាជរដ្ឋាភិបាល កម្ពុជា តាមរយៈគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានទទួលសម្លេងគាំទ្រដ៏ច្រើនលើសលុប ក្នុងការបោះឆ្នោតជាច្រើនអាណត្តិ ដោយមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជានាយករដ្ឋមន្ត្រី ប្រជាជនរស់នៅក្នុងសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខ ជាលំដាប់។
ប្រជាពលរដ្ឋអាចមានលទ្ធភាពប្រកបអាជីវកម្មចិញ្ចឹមគ្រួសារ មានកម្មសិទ្ធិដីធ្លី លំនៅឋាន មានសាលារៀន មន្ទីរពេទ្យ វត្តអារាម និងអាចធ្វើដំណើរគ្រប់ទីកន្លែងទៅបាន ក៏អាស្រ័យដោយប្រទេសជាតិ មានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។ ឧត្តមភាពដែលមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ ក្នុងការតស៊ូលះបង់ ដើម្បីសង្គ្រោះជាតិនិងប្រជាជន ការកសាងប្រទេសពីបាតដៃទទេរឲ្យមានការអភិវឌ្ឍន៍ដល់សព្វថ្ងៃ និងការនាំមកនូវសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យប្រជាជនរស់នៅក្នុងភាពសម្បូរសប្បាយ ក្រោមម្លប់សន្តិភាព។
ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយលោកបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ មានដូចជា៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើលម្អសងខាងផ្លូវ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕