(ភ្នំពេញ)៖ លោក ហួរ សារ៉ាត់ ដែលជាសកម្មជនគណបក្សភ្លើងទៀន និងអតីតគណបក្សសង្គ្រោះជាតិ បានចេញវីដេអូដោយនិយាយ ចេញពីសហរដ្ឋអាមេរិក បកអាក្រាតនូវអំពីទុច្ចរិតដ៏កខ្វក់របស់មេដឹកនាំក្រុមប្រឆាំង ពិសេសទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី។
ជាមួយគ្នានេះនឹងការបកអាក្រាតនូវនយោបាយដ៏កខ្វក់របស់មេដឹកនាំក្រុមប្រឆាំងហើយនោះ លោក ហួរ សារ៉ាត់ បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់របស់គណបក្សប្រឆាំង សូមចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ជាតិ មាតុភូមិឲ្យកាន់តែរីកចម្រើន ក្រោមម្លប់នៃសុខសន្តិភាព ឈប់ជឿ និងចាញ់បើកគណបក្សប្រឆាំងទៀត។
លោក ហួរ សារ៉ាត់ បាននិយាយដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនសមាជិក សមាជិការបស់គណបក្សប្រឆាំងទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ជាតិ ឈប់ជឿ ចាញ់បោក ថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលមានលោក សម រង្ស៉ី ជាមេដឹកនាំ ដែលមានគោលនយោបាយ បែបញុះញង់ អុចអាល ធ្វើឲ្យបងប្អូនរងគ្រោះ ជាប់គុគ រត់ចោលស្រុក បែកបាក់ប្រពន្ធកូន...»។
ក្រៅតែពីបកអាក្រាតអំពើអាក្រក់ របស់មេដឹកនាំក្រុមប្រឆាំងហើយនោះ, លោក ហួរ សារ៉ាត់ ក៏បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ដើម្បីបានចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះលោកអស់ជំនឿលើគណបក្សប្រឆាំងហើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ លោក ហួរ សារ៉ាត់ ក្នុងការស្ម័គ្រចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
តាមរយៈបណ្តាញ Telegram សម្តេចតេជោបានបញ្ជាក់ថា «ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍លោក ហួរ សារ៉ាត់ មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»៕